(ភ្នំពេញ)៖ ក្រុមកីឡាវ៉ូវីណាមកម្ពុជា កំពុងឈរកំពូលតារាងមេដាយបណ្ដោះអាសន្ន នៃការប្រកួតកីឡាកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដោយដណ្ដើមបានមេដាយសរុប ៩គ្រឿង ។

ការប្រកួតនេះ ធ្វើឡើងពីថ្ងៃទី២៥-៣០ ខែមីនា នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានអត្តពលិកប្រមាណ ២០០នាក់ មកពី ៧ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ និងហ្វីលីពីន ។

ជាលទ្ធផលបណ្ដោះអាសន្ន ក្រុមអត្តពលិកម្ចាស់ផ្ទះកម្ពុជា កំពុងឈរកំពូលតារាង ក្រោយដណ្ដើមបានមេដាយមាស ៥ ប្រាក់ ២ និងសំរឹទ្ធ ២ សរុប ៩គ្រឿង ខណៈវៀតណាម ឈរលេខ២ ឈ្នះមេដាយសរុប ៦គ្រឿង (មាស ២ និងប្រាក់ ៤), ថៃ ឈរលេខ៣ ឈ្នះមេដាយ ៥គ្រឿង (មាស ១ ប្រាក់ ២ និងសំរឹទ្ធ ២) និងមីយ៉ាន់ម៉ា ឈ្នះមេដាយ ៨គ្រឿង (មាស ១ ប្រាក់ ១ និងសំរឹទ្ធ ៦) ។

គួរដឹងថា ការប្រកួតខាងលើ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានកំណត់វិញ្ញាសាប្រកួតដូចវិញ្ញាសាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាដែរ ដើម្បីជាការវាស់ស្ទង់សមត្ថភាព និងបច្ចេកទេសអត្តពលិករបស់ខ្លួនផង ក៏ដូចជាផ្ដល់ឱកាសឲ្យមន្ដ្រីបច្ចេកទេសបានរៀនសូត្រពីការរៀបចំ ត្រៀមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាខែឧសភាខាងមុខផង៕