(បរទេស)៖ ក្រុមខ្លាំងមាន់គក់បារាំង បន្តរកបានជ័យជម្នះលើកទី២ របស់ពួកគេ ដោយបានយកឈ្នះក្រុម សាធារណរដ្ឋអៀរឡង់ លទ្ធផល ១-០ ខណៈក្រុមហូឡង់ ក៏បានយកឈ្នះក្រុមហ្ស៊ីប្រាតា ៣-០ ដែលនេះជាប្រកួតទី២ ស្ថិតក្នុងពូល B វគ្គជម្រុះប្រចាំតំបន់អឺរ៉ុប Euro 2024 ដ្បិតជាប្រកួតទី១ របស់ក្រុមសាធារណរដ្ឋអៀរឡង់។

នេះក៏ជាចាប់ផ្តើមប្រកួតដំបូងរបស់ក្រុមសាធារណរដ្ឋអៀកឡង់ ដែលបានចាញ់ក្រុមបារាំង ១-០ ពីការស៊ុតបានយ៉ាងល្អដោយខ្សែការពារ Benjamin Pavard នៅនាទី៥០, ខណៈក្រុមហូឡង់ ធ្វើបាន ៣គ្រាប់ទៅលើក្រុមហ្ស៊ីប្រាតា ដោយការស៊ុតរបស់កីឡាករ Nathan Ake ស៊ុតបាន ២គ្រាប់ម្នាក់ឯង និង Memphis Depay ជួយក្រុមរកបាន ៣ពិន្ទុដំបូង។

តាមរយៈលទ្ធផលនេះ ក្រុមបារាំង រកបាន ៦ពិន្ទុក្រោយឆ្លងកាត់ ២ប្រកួត ហើយក្រុមហូឡង់ រកបាន ៣ពិន្ទុ ស្មើជាមួយក្រុមក្រិក ដែលទើបលេងបាន ១ប្រកួត, ដោយឡែកក្រុមសាធារណរដ្ឋអៀរឡង់ និងហ្ស៊ីប្រាតា នៅមិនមានពិន្ទុរាប់នៅឡើយទេ ស្ថិតក្នុងពូល B ជាបណ្តោះអាសន្ន។

រំលឹកផងថា សម្រាប់រូបមន្តប្រកួតជម្រុះនេះដែរ ក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ និងលេខ២ ចេញពីពូលនីមួយៗ នឹងមានកៅអីទៅលេងវគ្គចែកពូលដោយស្វ័យប្រវត្តិនៅ Euro 2024 ដែលបានប្រទេសអាល្លឺម៉ង់ ជាម្ចាស់ផ្ទះការប្រកួតនេះ៕