(ឡុងដ៍)៖ អ្នកចាត់ការ Antonio Conte បានចាកចេញពីក្លិប Tottenham Hotspur ដោយការព្រមព្រៀងគ្នាទាំងសងខាង បន្ទាប់ពីទទួលបន្ទុកដឹកនាំ ១៦ខែមកនេះ, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

លោក Conte បានហៅកីឡាករ Spurs ថា «អាត្មានិយម» និងបានរិះគន់ចំពោះវប្បធម៌របស់ក្លិប នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការប្រកួតលទ្ធផលស្មើកាលពីពេលថ្មីៗនេះ របស់ពួកគេ ក្នុងពេលប៉ះជាមួយក្លិប Southampton។

ជាបណ្តោះអាសន្នក្នុងរដូវកាល ២០២២-២០២៣ គិតត្រឹម ២៨ប្រកួត ក្លិប Tottenham កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៤ ក្នុងតារាងលីគកំពូលអង់គ្លេស ប៉ុន្តែបានធ្លាក់ចេញពីការប្រកួតដណ្តើមពានរង្វាន់ដទៃទៀតទាំងអស់។

ជំនួយការលោក Conte លោក Cristian Stellini នឹងត្រូវបំពេញតួនាទីជាគ្រូបង្គោល សម្រាប់រយៈពេលដែលនៅសល់ក្នុងរដូវកាលនេះ ជាមួយនឹងអតីតខ្សែបម្រើ Ryan Mason ជាអនុប្រធាន។

បុរសសញ្ជាតិអ៊ីតាលី Conte រូបនេះ ត្រូវបានតែងតាំងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីក្លិប Spurs បានបណ្តេញលោក Nuno Espirito Santo ចេញពីតំណែង៕