(កំពង់ធំ)៖ ខេត្តកំពង់ធំ បានរៀបចំបិទការប្រកួតកីឡាសិស្សបឋមសិក្សាឆ្នាំ២០២១-២០២២ នៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន អាចារ្យលាក់ ក្រោមវត្តមានលោក សាន វុទ្ធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាកីឡាករ-កីឡាការិនីជិត៤០០នាក់ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ក្រុងស្ទឹងសែន។

លោក ឃឹម សេង ប្រធានការិយា័យកីឡា នៃមន្ទីរអប់រំ យុវជន និងកកីឡា ខេត្តកំពង់ធំ បានលើកឡើងពីចំនួនកីឡាករចូលរួមប្រកួតជ្រើសរើសជើងឯកគឺមានចំនួន៥០០នាក់ ស្រី២០២នាក់ ដែលមកពី៩ ក្រុង ស្រុក ទូទាំងខេត្ត ក្នុងនោះប្រភេទបាល់ទាត់មាន១៤ ក្រុម ស្មើ១៦២នាក់ ស្រី៩០នាក់ បាល់ទះមាន ១១ក្រុមស្មើ ៧២នាក់ ស្រី៦០នាក់ បាល់បោះមាន៤ ក្រុមស្មើ៣៦នាក់ ស្រី២៤នាក់ និងអត្តពលកម្មមាន១៨ ក្រុម ស្មើ២៨នាក់ ស្រី២៨នាក់។

លោកបានបន្តទៀតថា ការប្រកួតនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសយកកីឡាករដែលល្អ សម្រាប់យកទៅប្រកួតនៅថា្នក់ជាតិនៅពេលខាងមុខ។

លោក សាន វុទ្ធី បានផ្តាំផ្ញើកីឡាករកីឡាការិនីទាំងអស់ ត្រូវបញ្ចេញសមត្ថភាពឱ្យអស់ ដើម្បីទទួលបានជោគជ័យជូនសាលារៀនក៏ដូចជាស្រុករបស់ខ្លួនការប្រកួតប្រជែងមិនមែនតែប្រើកំលាំងបាយនោះទេ គឺត្រូវប្រើលក្ខណៈ បច្ចេកទេស ត្រូវមានការយោគយល់អធ្យាស្រ័យគ្នា គោរពតាមបទបញ្ជាផ្ទៃក្នុង ធ្វើការួបរួមគ្នាសាមគ្គីគ្នាឈ្នះដោយកិត្តិយស ចាញ់ដោយកិត្តិយស ដោយស្រឡាញ់ រាប់អានគ្នាជាបងប្អូន សាមគ្គីភាព រវាងកីឡាករ/ការិនី រវាងក្រុម និងក្រុម កាន់តែមានសារ:សំខាន់ថែមទៀត លើពីការឈ្នះចាញ់។

ពិសេសនៅពេលនេះ ក្មួយៗ កំពុងសិក្សាពីបច្ចេកទេសនៃការលេងក៏ដូចជាត្រៀមអបអរសាទរនូវកីឡាស៊ីហ្កេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញឿនវាបំផ្លាញអនាគតរបស់យើង ត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយជាពលរដ្ឋល្អក្នុងការបម្រើសង្គមជាតិ។
គួរបញ្ជាក់ថា លទ្ធផលទទួបានរួមមាន៖

*ផ្នែកអត្តពលកម្មល្បែងកុមារបានទៅលេខ១ បានទៅលើស្រុកប្រសាទសំបូរ
*ផ្នែកកីឡាក្រុមបាល់បោះនារីលេខ១ បានទៅក្រុងស្ទឹងសែន
*បាល់បោះកុមារាលេខ១ បានទៅស្រុកបារាយណ៍
*បាល់ទះកុមារីលេខ១ បានទៅក្រុងស្ទឹងសែន
*បាល់ទះកុមារាលេខ១ បានទៅសាកស្រុកកំពង់ស្វាយ
*បាល់ទាត់នារីលេខ១ បានទៅស្រុកប្រាសាទបល្ល័ង្ក
*បាល់ទាត់បុរសលេខ១ បានទៅស្រុកបារាយណ៍៕