(កូរ៉េ)៖ ក្រុមចម្រៀងនារីល្បីឈ្មោះប្រចាំវិស័យ K-POP BLACKPINK ត្រូវបានគេអញ្ជើញឲ្យទៅសម្តែងនៅឯសេតវិមាន នៅសហរដ្ឋអាមេរិកក្នុងខែមេសាខាងមុខនេះ សម្រាប់អបអរការជួបជុំអាហារពេលល្ងាច រវាងប្រធានាធិបតីកូរ៉េ និងអាមេរិក គឺប្រធានធិបតី Yoon Suk Yeol និងប្រធានាធិបតី Joe Biden។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយពី YG Entertainment ទៅកាន់បណ្តាញផ្សព្វផ្សាយ Mydaily ក្រុមហ៊ុនបានបញ្ជាក់ពីការផ្តល់ជូនដល់ BLACKPINK សម្រាប់ការសម្តែងពិសេសនេះ។ YG បានសរសេរថា «ក្រុម BLACKPINK បានទទួលការផ្តល់ជូនដើម្បីសម្តែង នៅក្នុងពិធីជប់លៀងអាហារពេលល្ងាច រវាងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីកូរ៉េ Yoon Suk Yeol។ ពួកគេកំពុងពិចារណាលើការផ្តល់ជូននេះ»

គួរជម្រាបថា អាហារពេលល្ងាចនេះ នឹងមានចូលរួមដោយសិល្បករកំពូល Lady Gaga ផងដែរ។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា គ្រោងរៀបចំព្រឹត្តិការណ៍វប្បធម៌រួមគ្នាមួយ នៅមុនដំណើរទស្សនកិច្ចរបស់លោក Yoon Suk Yeol ទៅកាន់សហរដ្ឋអាមេរិកក្នុងខែមេសា។ BLACKPINK និង Lady Gaga ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយប្រធានបទនៃព្រឹត្តិការណ៍នេះ គឺ «ខួបលើកទី៧០ នៃសម្ព័ន្ធភាពរបស់កូរ៉េ និងសហរដ្ឋអាមេរិក»