(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់អំពូលភ្លើងបំភ្លឺផ្លូវ ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យចំនួន២៤០ដើម ជូនដល់សង្កាត់ព្រែកឯង នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងតំបន់រោងចក្រ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ពិធីប្រគល់នេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ មន្ត្រី និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមាជិកសហគមន៍មូលដ្ឋាន។

ការផ្តល់ជូនអំពូលភ្លើងបំភ្លឺផ្លូវនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដើម្បីគាំទ្រសហគមន៍បៃតង។ កន្លងមក ក្រុមហ៊ុនបានដាំដើមឈើជាង ៨ ០០០ ដើមនិង បរិច្ចាគអំពូលភ្លើងបំភ្លឺផ្លូវ ថាមពលពន្លឺព្រះអាទិត្យ (សូឡា) ចំនួន ៧៩០ ដើមជូនដល់សហគមន៍ចំនួន៤ ព្រមទាំងបានជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចំនួន ១៨០០គ្រួសារ នៅក្នុងខណ្ឌច្បារអំពៅ បើគិតរហូតមកដល់បច្ចុប្បន្ន។ អំពូលសូឡាទាំងនេះ នឹងផ្តល់ជូនភ្លើងដែលត្រូវការជាចំបាច់ ដើម្បីបំភ្លឺតាមដងផ្លូវនៅក្នុង សង្កាត់ព្រែកឯង ដែលនឹងជួយពង្រឹងឡើងនូវសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ក៏ដូចជាអ្នកធ្វើដំណើរ តាមដងផ្លូវ។

លោក ចេង មុនីរ៉ា បានថ្លែងថា «យើងសូមថ្លែងអំណរគុណចំពោះ អំណោយសប្បុរសជាអំពូលភ្លើងបំភ្លឺផ្លូវសូឡា ដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ជូនដល់សហគមន៍ព្រែកឯង។ នេះជាឧទាហរណ៍ដ៏ល្អមួយ ដែលវិស័យឯកជនអាចធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន ដើម្បីគាំទ្រដល់ការ អភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងមូលដ្ឋានផ្ទាល់។ អំពូលភ្លើងបំភ្លឺផ្លូវសូឡាទាំងនេះ នឹងមិនត្រឹមតែលើកកម្ពស់សុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សុខុមាលភាពទូទៅរបស់សហគមន៍ផងដែរ។ សូមអរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ចំពោះការប្តេជ្ញាចិត្តបង្កើតឱ្យមានលទ្ធផលជាវិជ្ជមាន ហើយយើងនឹងបន្តសហការ គ្នាថែមទៀតដើម្បីបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់សហគមន៍យើងទាំងអស់គ្នា»

ក្នុងពិធីប្រគល់អំពូលភ្លើងនេះ នាយិកាផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលោកស្រី Anne de Graaf តាំងនាមឲ្យក្រុមហ៊ុនបានសម្តែងក្តីសង្ឃឹម ក្នុងការបន្តកិច្ចសន្ទនា ជាមួយគ្នាអំពីរបៀបធ្វើឲ្យបរិស្ថានរបស់យើងមានភាពប្រសើរឡើង ហើយលោកស្រីក៏សង្ឃឹមផងដែរថា គម្រោងនេះ ពិតជានឹងបង្កើតឲ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ នៅក្នុងជីវិតប្រចាំថ្ងៃ របស់ពលរដ្ឋនៅក្នុងសហគមន៍ព្រែកឯង។

លោកស្រី Anne de Graaf បានថ្លែងថា «នៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងជឿជាក់ថា យើងអាចរីកចម្រើន បានលុះត្រាតែសហគមន៍នៅជុំវិញយើងរីកចម្រើនដែរ។ នេះហើយគឺជាមូលហេតុ ដែលយើងផ្តល់ជូនអំពូលភ្លើងនៅថ្ងៃនេះ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគមន៍ព្រែកឯង។ ដោយសារយើងបានធ្វើសកម្មភាពជាមួយសហគមន៍ និងសេដ្ឋកិច្ច ចំណុចនេះហើយដែលយើងជាផ្នែកមួយនៃសហគមន៍និង សេដ្ឋកិច្ចនេះ វាជាកាតព្វកិច្ចរបស់យើងក្នុងការធ្វើអាជីវកម្មរបស់យើងប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ដូច្នេះយើង អាចធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរសម្រាប់មនុស្សបច្ចុប្បន្ននិងជំនាន់ក្រោយ»

មហិច្ឆតារយៈពេលវែង «ធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ (Brew a Better Cambodia)» របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណងលើកម្ពស់ស្តង់ដារ ក្នុងការរួមចំណែកជាវិជ្ជមាន តាមរយៈសសរស្តម្ភសំខាន់ចំនួនបីរបស់ក្រុមហ៊ុន រួមមាននិរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការពិសារដោយការទទួលខុសត្រូវ រួមជាមួយនឹងគោលដៅឆ្ពោះទៅរកការចូលរួម ចំណែកធ្វើឱ្យពិភពលោកមានអព្យាក្រឹតកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។

រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ដែលស្ថិតនៅខណ្ឌច្បារអំពៅ ថ្មីៗនេះ បានឈានដល់ដំណាក់កាលសំខាន់មួយក្នុងដំណើរ ផ្លាស់ប្តូរឆ្ពោះទៅប្រើប្រាស់ថាមពលកកើតឡើងវិញ។ ស្ថិតក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសម្ពោធជាផ្លូវការនូវរោងចក្រ ជីវម៉ាស់ថ្មីមួយនៅខែកញ្ញា ឆ្នាំ២០២២ ដែលជារោងចក្រជីវថាមពលធំដំបូងគេនៅកម្ពុជា។

ជាមួយនឹងរោងចក្រជីវម៉ាសថ្មីនេះ រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នាពេលបច្ចុប្បន្នដំណើរការដោយប្រើប្រាស់ថាមពលកម្ដៅកកើត ឡើងវិញ ១០០% តាមរយៈការប្រើអង្កាមពីរោងម៉ាស៊ីនកិនស្រូវ និងកសិករក្នុងស្រុក។ ការប្រើប្រាស់អង្កាមជាប្រភពឥន្ធនៈ ជួយប្រែក្លាយកាកសំណល់កសិកម្ម និងសរីរាង្គដែលត្រូវបានបោះចោលទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍កសិកម្ម។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្រើប្រាស់ស្រូវក្នុងប្រទេសកម្ពុជា ១០០% ក្នុងការផលិតស្រាបៀរមួយចំនួនដូចជា សា្របៀរអានឆ័រ (Anchor) និងស្រាបៀរ Tiger ជាដើម។ ដើម្បីបង្កើនប្រសិទ្ធភាព វិលជុំបន្ថែមទៀតនៅក្នុងខ្សែសង្វាក់ តម្លៃស្រូវ ក្រុមហ៊ុនក៏បានធ្វើការងាររួមគ្នាជាមួយអង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីគាំទ្រកសិករក្នុងស្រុកតាមរយៈការកសាងសមត្ថភាព៕