(បរទេស)៖ ក្រុមហ៊ុនចែករំលែករូបភាព និងប្រព័ន្ធផ្សព្វផ្សាយសង្គម Pinterest Inc គ្រោងបញ្ចប់ការជួលការិយាល័យនៅតាមតំបន់មួយចំនួន ដែលជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ រួមទាំងផ្នែកនៃការកាត់បន្ថយបុគ្គលិកបន្ថែមទៀតពីការបញ្ឈប់បុគ្គលិកខ្ទង់ ១៥០នាក់កាលពីខែកុម្ភៈកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

Pinterest កំពុងចាប់ផ្តើមបញ្ចប់កុងត្រាជួលទីតាំងធ្វើការរបស់ខ្លួនបណ្តើរហើយ ហើយគេរំពឹងថា អាចនឹងបញ្ចប់គម្រោងនេះយ៉ាងយូរត្រឹមចុងឆ្នាំ២០២៣ ខាងមុខនេះ។ យោងតាមការចេញផ្សាយ Pinterest រំពឹងថា គម្រោងកាត់បន្ថយទីតាំងធ្វើការរបស់ខ្លួននឹងជួយទប់ចំណាយបានចន្លោះពី ១០០លានដុល្លារ រហូតដល់ ១២៥លានដុល្លារឯណោះ ស្របពេលដែល Pinterest រួមទាំងក្រុមហ៊ុនយក្សអាមេរិកជាច្រើនទៀតកំពុងតែជួបវិបត្តិសេដ្ឋកិច្ច និងនាំគ្នាបញ្ឈប់បុគ្គលិកដើម្បីជាយុទ្ធសាស្រ្តអាចឈរជើងបន្តទៅមុខទៀតបាន។

គួរបញ្ជាក់ដែរថា បុគ្គលិករបស់ Pinterest សរុបគិតត្រឹមចុងឆ្នាំ២០២២ មានចំនួនជិត ៤,០០០នាក់ ប៉ុន្តែត្រូវបានបញ្ឈប់ជាបន្តបន្ទាប់ចាប់តាំងពីសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ បើក្រឡេកមកមើលប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះក៏ហក់ឡើងខ្ពស់គួរសមមិនចាញ់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមធំៗដែល ខណៈចំណូលដែលរកបានក្នុងឆ្នាំ២០២២ មានចំនួន ២.៨០ពាន់លានដុល្លារ និងមានអ្នកប្រើប្រាស់ប្រចាំខែ ៤៥០លាននាក់ឯណោះ៕