(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ នៅប្រទេសកម្ពុជា បានទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស ជាក្រុមហ៊ុនដែលអនុលោមតាមច្បាប់ពន្ធដារ ពីសំណាក់អគ្គនាយកដ្ឋានពន្ធដារ ហើយក៏បានទទួលការស្ងើចសរសើរ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទទួលនូវបានចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមស្ថាប័នដែលបង់ពន្ធច្រើនជាងគេ នៅកម្ពុជា។

នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុនសម្រេចបាននូវសមិទ្ធិផលមួយនេះ ហើយបានទទួលនូវការស្ងើចសរសើរ សម្រាប់ការអនុវត្តជាស្ថាប័នគំរូ និងបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួន ស្របទៅតាមច្បាប់កម្ពុជា។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងបង្អស់ ដែលទទួលបានពានរង្វាន់មាស សម្រាប់ការបង់ពន្ធក្នុងឆ្នាំ ២០១៨ ហើយក៏ទទួលបានជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២០ និង២០២២ ផងដែរ។ ក្រុមហ៊ុន Smart ក៏បានទទួលចំណាត់ថ្នាក់ទីប្រាំ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ការការបំពេញកាតព្វកិច្ចសារពើពន្ធល្អជាងគេ ក្នុងឆ្នាំ ២០២២ផងដែរ។

វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស ត្រូវបានប្រគល់ជូនដល់ក្រុមហ៊ុន ដែលបានបំពេញកាតព្វកិច្ចពន្ធ និងបង្ហាញពីកម្រិតវិជ្ជាជីវៈខ្ពស់ ប្រកបស្តង់ដារសីលធម៌ ក្នុងប្រតិបត្តិការអាជីវកម្ម។ ក្នុងចំណោមក្រុមហ៊ុនចំនួន ២០០ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលពានរង្វាន់មួយនេះ ក្រុមហ៊ុន Smart ក៏បានជាប់ចំណាត់ថ្នាក់លេខ ៥ ជាក្រុមហ៊ុនដែលបានបង់ពន្ធច្រើនជាងគេ ក្នុងឆ្នាំ ២០២២ និងទទួលបានលិខិតសរសើរ ដែលមានការចុះហត្ថលេខាពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានសម្តែងនូវសេចក្តីរីករាយ ចំពោះសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយនេះ សម្រាប់ក្រុមហ៊ុន។

លោកបន្តថា «ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេនៅប្រទេសកម្ពុជា ដែលតែងតែលើកកម្ពស់ការរស់នៅបែបឌីជីថល ក្រុមហ៊ុន Smart Axiata តែងតែប្តេជ្ញាចិត្តក្នុងការអនុវត្តទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់ រួមទាំងច្បាប់ពន្ធដារផងដែរ។ យើងពិតជាមានកិត្តិយសក្រៃលែង ក្នុងការទទួលបាននូវវិញ្ញាបនបត្រពន្ធមាសជាលើកទី ៣ ដែលជាសមិទ្ធិផលដ៏សំខាន់មួយ ក្នុងការឆ្លុះបញ្ចាំងពីឧត្តមភាព ក្នុងអភិបាលកិច្ចល្អ និងការអនុលោមតាមច្បាប់ របស់ក្រុមហ៊ុន Smart Axiata ផងដែរ។ យើងនឹងបន្តធ្វើកិច្ចសហការយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីបន្តបង្កើតនូវគុណតម្លៃសម្រាប់អតិថិជន ដៃគូអាជីវកម្ម ក៏ដូចជាប្រជាជនកម្ពុជាយើងទាំងអស់ផងដែរ»

ក្រុមហ៊ុន Smart តែងតែចាត់ទុកការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពន្ធ ជាកាតព្វកិច្ចដ៏សំខាន់សម្រាប់អាជីវកម្មមួយ ដែលប្រកបដោយទំនួលខុសត្រូវសង្គម។ វិញ្ញាបនបត្រនៃការអនុលោមតាមច្បាប់ពន្ធនេះ គឺជាសក្ខីភាពមួយ ដែលបង្ហាញថា កិច្ចសហការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ដែលពិតជាអាចនាំទៅរកផលប្រយោជន៍រួម សម្រាប់សង្គម និងរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រជាជន និងសង្គមជាតិកម្ពុជាទាំងមូល។

ក្រុមហ៊ុន Smart តែងតែត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ សម្រាប់ដំណើរការដ៏ល្អឥតខ្ចោះ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៃបច្ចេកវិទ្យា ទូរស័ព្ទចល័តរបស់កម្ពុជា ជាពិសេសតាមរយៈការទទួលបានពានរង្វាន់ សេវាទូរស័ព្ទល្អជាងគេ និងសេវាអ៉ីនធឺណិតទូរស័ព្ទល្អជាងគេនៅកម្ពុជា (Cambodia Mobile Data Company of the Year និង Cambodia Mobile Services Company of the Year) សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារអន្តរជាតិ Frost and Sullivan។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Smart ក៏ទទួលបាននូវពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ល្អបំផុត ប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុនដែលចូលរួមចំណែកការងារសង្គមល្អជាងគេ ប្រចាំប្រទេសកម្ពុជាពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ ក៏ដូចជាពានរង្វាន់ក្រុមហ៊ុនឈានមុខគេក្នុងការកសាងសហគមន៍ Resilience Cambodia ប្រចាំឆ្នាំ ២០២១ ពីទស្សនាវដ្តីអន្តរជាតិ Global Banking and Finance ផងដែរ។

បន្ថែមពីនេះផងដែរ ក្រុមហ៊ុន Smart ត្រូវបានទទួលស្គាល់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាស្ថាប័នដែលរួបរួមចំណែកល្អបំផុតដល់មូលនិធិ កសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍(CBRD Fund) ក្នុងឆ្នាំ ២០១៩ និងជាប្រតិបត្តិករទីផ្សារ ដែលកំពុងរីកចម្រើនល្អបំផុតក្នុងឆ្នាំ ២០១៨ ដោយទូរគមនាគមន៍អាស៊ី៕