(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរដល់កីឡាករ បឺត សង្ឃឹម ដែលបានយកឈ្នះគូប្រកួតដណ្តើមយកខ្សែក្រវាត់អន្តរជាតិ IPCC គុនខ្មែរ ពី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ ជាមួយនឹងទឹកប្រាក់ ៤៨លានរៀល ឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង WURKZ។

វគ្គផ្តាច់ព្រ័ត្ររបស់ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២នេះដែរ បានរៀបចំឡើងនៅថ្ងៃទី២៥ ខែមីនា នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានបញ្ចប់ដោយព្រឹត្តិការណ៍ដ៏អស្ចារ្យពីរធំៗគឺ ការដណ្តើមឈ្នះខ្សែក្រវាត់ពិភពលោក IPCC របស់ កីឡាករប្រដាល់គុនខ្មែរ បឺត សង្ឃឹម និងលទ្ធផលស្មើគ្នានៃការប្រកួតមួយទល់នឹងបីរវាងកីឡាករ ធឿន ធារ៉ា ជាមួយកីឡាករ ឌេនកៅសេន, ប៉ូបយ រ៉េតវ៉ូលវីស និង យ៉ាកគុមផាន់។

លើសពីនេះ នៅវគ្គផ្តាច់ព្រ័ត្រក៏មានគូពិសេសៗ៣ទឹក ៩នាទីដូចជា៖ អេលីត សាន់ Vs រ៉ាមបង (កីឡាករថៃ), ម៉ឺន មេឃា Vs លូកា (កីឡាករអ៊ុយក្រែន), ឈឿន ល្វៃ Vs វ៉ាត់ថាភុន(កីឡាករថៃ), ព្រុំ សំណាង Vs វ្លាឌីមៀរ (កីឡាកររុស្សី), និង ការប្រកួត ១ទឹក៩នាទី មឿន សុខហ៊ុច Vs ណាត់ថាភូម (កីឡាករថៃ)។

ភេសជ្ជៈប៉ូវកម្លាំង WURKZ ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខកម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ បានចូលរួមអបអរសាទរដល់កីឡាករប្រដាល់ទាំងអស់ក្នុងវគ្គផ្តាច់ព្រ័ត្រដោយមានវត្តមាន អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង។

អ្នកឧកញ៉ា លាង ឃុន បានថ្លែងឲ្យដឹងថា៖ «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រេកអរយ៉ាងខ្លាំងដែលក្លាយជាចំណែកសំខាន់មួយក្នុងសន្ទុះនៃភាពជោគជ័យ និងរីកចម្រើនរបស់កីឡារ គុនខ្មែរ ព្រមទាំងបានរួមចំណែកក្នុងការបណ្តុះកីឡាករប្រដាល់ឲ្យមានសមត្ថភាពក្នុងការប្រកួតនៅក្រៅប្រទេស និងឆាកអន្តរជាតិ ជាពិសេសនោះគឺសម្រាប់ការប្រកួតកីឡាស៊ីហ្គេមដែលនឹងប្រព្រឹត្តឡើងឆាប់ៗនេះដោយមានប្រទេសកម្ពុជាយើងជាម្ចាស់ផ្ទះ»

ក្រៅពីកីឡាករជ័យលាភី ភេសជ្ជៈប៉ូវកម្លាំង WURKZ ក៏បានផ្តល់រង្វាន់លើកទឹកចិត្តដល់កីឡាករចំណាត់ថ្នាក់លេខពីរ វ៉ាន់ វឿន ទឹកប្រាក់ចំនួន ២៤លានរៀល ចំណាត់ថ្នាក់លេខ៣ ស៊ន រ៉ាគីម ទឹកប្រាក់ចំនួន ១២លានរៀល និង ចំណាត់ថ្នាក់លេខ៤ គង់ ហូវ ទឹកប្រាក់ចំនួន ៨លានរៀល និងកីឡាករដទៃទៀតម្នាក់ ៤លានរៀល។

ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ចាប់តាំងពីវគ្គដំបូងរហូតដល់វគ្គផ្តាច់ព្រ័ត្របានផ្តល់ជាទស្សនីយភាពដ៏កម្រនិងអស្ចារ្យសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស ហើយវគ្គនីមួយៗតាមបណ្តាខេត្តមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនពូមីង សបញ្ជាក់ឲ្យឃើញពីសន្ទុះប្រិយភាពគុនខ្មែរប៉ុន្មានឆ្នាំក្រោយនេះ៕