(ឡូសាន)៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃអង្គារ បានចេញសេចក្តីណែនាំ សម្រាប់ការវិលត្រឡប់ មកចូលរួមក្នុងការប្រកួតអន្តរជាតិវិញ ជាបណ្តើរៗ នៃអត្តពលិករុស្ស៊ី និងបេឡារុស្ស ជាមួយនឹងប្រធាន IOC លោក Thomas Bach បានលើកឡើងថា ការចូលរួមរបស់ពួកគេ «អាចធ្វើទៅបាន» បើទោះបីជាសង្គ្រាមកំពុងបន្ត នៅក្នុងប្រទេសអ៊ុយក្រែនក្តី, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

លោក Bach បន្តថា ការណែនាំរបស់ក្រុមប្រឹក្សាប្រតិបត្តិ IOC គឺពាក់ព័ន្ធតែការវិលត្រឡប់របស់អត្តពលិកទាំងនោះ នៅក្នុងការប្រកួតអន្តរជាតិប៉ុណ្ណោះ ប៉ុន្តែមិនមែនសម្រាប់ការចូលរួម ក្នុងព្រឹត្តិការណ៍ Olympics ឆ្នាំ២០២៤នោះទេ, ខណៈការសម្រេចដាច់ដោយឡែកផ្សេងទៀត នឹងត្រូវធ្វើឡើងនៅពេលក្រោយ។

រំលឹកផងថា IOC បានដាក់ទណ្ឌកម្មរុស្ស៊ី និងបេឡារុស្ស បន្ទាប់ពីការឈ្លានពាន កាលពីខែកុម្ភៈ ឆ្នាំ២០២២ លើអ៊ុយក្រែន, ប៉ុន្តែឥឡូវនេះ ចង់ឲ្យអត្តពលិកវិលត្រឡប់ចូលរួមប្រកួតវិញ នៅគ្រប់ប្រភេទកីឡាទាំងអស់។

IOC បានត្រួសត្រាយផ្លូវ ដើម្បីឲ្យអត្តពលិករុស្ស៊ី និងបេឡារុស្ស អាចចូលរួមក្នុងព្រឹត្តិការណ៍ Olympic តាមរយៈការប្រកួតជម្រុះតំបន់អាស៊ី ហើយទុកឲ្យសហព័ន្ធអន្តរជាតិ ធ្វើការសម្រេចចិត្តរៀបចំ, ប៉ុន្តែវាប្រឈមនឹងបញ្ហា ដោយសារអ៊ុយក្រែន បានគំរាមមិនចូលរួមព្រឹត្តិការណ៍ Paris Games ប្រសិនបើរុស្ស៊ី និងបេឡារុស្ស ចូលរួមប្រកួតនៅទីនោះ ទោះបីក្នុងស្ថិតក្រោមលក្ខខណ្ឌអព្យាក្រឹតក៏ដោយ។

«ការចូលរួមរបស់អត្តពលិក ដែលកាន់លិខិតឆ្លងដែនរុស្ស៊ី និងបេឡារុស្ស នៅក្នុងការប្រកួតអន្តរជាតិ គឺធ្វើទៅបាន», នេះបើតាម លោក Bach បានលើកឡើងក្នុងសន្ទរកថា នៅក្នុងពេលចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៅឯទីស្នាក់ការកណ្តាលក្នុងទីក្រុង Lausanne ប្រទេសស្វីស។

គួរជម្រាបថា អត្តពលិករុស្ស៊ី និងបេឡារុស្ស បាននឹងកំពុងប្រកួតក្នុងស្ថិតក្រោមលក្ខខណ្ឌអព្យាក្រឹត នៅក្នុងប្រភេទកីឡាមួយចំនួន, ប៉ុន្តែវត្តមានរបស់ពួកគេ នៅឯព្រឹត្តិការណ៍មួយចំនួនទៀត បានបង្កឲ្យមានការខឹងសម្បារ ពីសំណាក់អត្តពលិកមកពីប្រទេសផ្សេងទៀតមួយចំនួនផងដែរ៕