(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលបានបើកដំណើរការរយៈពេលជាង៣០ឆ្នាំ បានឈ្នះរង្វាន់ជា «Best Retail Bank in Cambodia» ក្នុងកម្មវិធីពានរង្វាន់ Global Excellence in Retail Services Awards ពីស្ថាប័ន The Asian Banker ដែលកម្មវិធីនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ពានរង្វាន់នេះ គឺជាការទទួលស្គាល់អំពីសមិទ្ធិផល និងវិវឌ្ឍនភាពនៃវិវត្តកម្មផ្នែកឌីជីថលរបស់ធនាគារ កាណាឌីយ៉ា ដែលជាធនាគារមានការផ្តោតសំខាន់ទៅលើអតិថិជនរូបវន្តបុគ្គល តាមរយៈការផ្តល់ជូននូវសេវាកម្ម ផលិតផល និងដំណោះស្រាយផ្នែកឌីជីថលដល់ល្អបំផុតជូនដល់អតិថិជន។

កម្មវិធីពានរង្វាន់ Global Excellence in Retail Services Awards របស់ស្ថាប័ន The Asian Banker គឺជាកម្មវិធីពានរង្វាន់មួយដែលទទួលស្គាល់ទៅលើស្ថាប័នហិរញ្ញវត្ថុឆ្នើម ដែលមានការផ្តោតសំខាន់ទៅលើការបម្រើសេវាកម្ម, ផលិតផល ស្របតាមតម្រូវការ របស់អតិថិជនរូបវន្តបុគ្គល។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័ន The Asian Banker ទទួលស្គាល់ពីសមិទ្ធិផល និងវិវឌ្ឍនភាព ដោយកាលពីឆ្នាំ២០១៩ ធនាគារបានឈ្នះពានរង្វាន់ «The Strongest Bank by Balance Sheet» , ឆ្នាំ២០២២ ទទួលបានពានរង្វាន់ «Best Managed Bank» ហើយ ធនាគារក៏បានឈ្នះនូវពានរង្វាន់ «Best Retail Bank» ៣លើកជាប់ៗគា្ន ពោលគឺនៅក្នុងឆ្នាំ២០២០, ២០២១ និង២០២៣។

ជាមួយនឹងបទពិសោធន៍ជាង៣២ឆ្នាំ ធនាគារ កាណាឌីយ៉ា ជាធនាគារដែលជំហរយ៉ាងរឹងមាំក្នុងវិស័យហិរញ្ញវត្ថុ និងជាស្ថាប័នមួយដែលឈានមុខគេលើទំហំនៃប្រាក់កម្ចី និងប្រាក់បញ្ញើ។ បន្ថែមពីលើនេះ ធនាគារ ក៏បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗ ដើម្បីស្របទៅតាមតម្រូវការរបស់អតិថិជន រួមទាំងតម្រូវការក្នុងវិស័យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយធនាគារក៏បន្តពង្រីកវិសាលភាពទៅលើការទូទាត់ចំណាយតាមបែបឌីជីថលក្នុងប្រព័ន្ធអេកូឡូស៊ី និងបន្តពង្រឹងទៅលើការ គ្រប់គ្រងផលប័ត្រប្រាក់កម្ចីឱ្យ កាន់តែមានភាពរឹងមាំ និងប្រសើរឡើង។

នាពេលបច្ចុប្បន្ន KHQR ត្រូវបានគេទទួលស្គាល់ និងប្រើប្រាស់ទូទាំងប្រទេសកម្ពុជា ក្នុងពេលជាមួយគ្នានេះដែរធនាគារ កាណាឌីយ៉ា ក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ Canadia Bank App ជំនាន់ថ្មី ដែលធ្វើឱ្យការផ្ញើរ និងទទួលប្រាក់កាន់តែមានភាពងាយស្រួល និងឆាប់រហ័សតាមរយៈទូរស័ព្ទដៃ។ អតិថិជនអាចធ្វើការទូទាត់ប្រាក់លើការទិញ ឬលក់ ដោយគ្រាន់តែស្កេនទៅលើ KHQR របស់ពាណិជ្ជករនៃធនាគារ កាណាឌីយ៉ា ឬ KHQR របស់ធនាគារផ្សេងៗទៀតដែលសមាជិកបាគង។ កាន់តែពិសេសទៅទៀតនោះ គឺអតិថិជនអាចធ្វើការបើកគណនី EZ ក្នុង Canadia Bank App ជំនាន់ថ្មី ជាមួយនឹងធនាគារ កាណាឌីយ៉ា កាន់តែងាយស្រួល ដោយមិនចំណាយពេលយូរ។

ដើម្បីជំរុញការលើកកម្ពស់ការផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជន ធនាគារ កាណាឌីយ៉ាបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនូវសាខាឆ្លាតវៃ ដែលជាមជ្ឈមណ្ឌលធនាគារបែបឌីជីថល ដែលមានបំពាក់ទៅដោយម៉ាស៊ីនស្វ័យសេវាធនាគារបែបឌីជីថលទំនើបៗ។ ជាមួយនឹងសាខាឆ្លាតវៃរបស់ធនាគារ កាណាឌីយ៉ា អតិថិជន អាចធ្វើការបើកគណនីដោយខ្លួនឯងជាមួយនឹងម៉ាស៊ីន VTM ឬប្រើប្រាស់ម៉ាស៊ីន CRM សម្រាប់ធ្វើការដាក់ ឬដកប្រាក់ និងដាក់មូលប្បទានប័ត្រ ក៏ដូចជាម៉ាស៊ីនបោះពុម្ភកាត SEM ដែលលោកអ្នកអាចទទួលបានកាតឥណពន្ធពីធនាគារ កាណាឌីយ៉ា ក្នុងរយៈពេលខ្លីនិងដោយស្វ័យប្រវត្តិ។

បន្ថែមពីលើនេះ ធនាគារ កាណាឌីយ៉ា បានពង្រីកនូវទំនាក់ទំនងនិងសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងនានា ព្រមទាំងសមាគមអាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់អតិថិជនអាចធ្វើការបើកគណនី ធ្វើការទូទាត់វិក្កយបត្រ ធ្វើការបង់ពន្ធ និងសេវាសាធារណៈ តាមរយៈប្រព័ន្ធអនឡាញ និងកម្មវិធី Canadia Bank App។ កាលពីឆ្នាំមុន ធនាគារ កាណាឌីយ៉ា បានដាក់ឱ្យប្រើប្រាស់នូវដំណោះស្រាយផ្នែកឌីជីថលសម្រាប់ឱ្យអតិថិជនអាចធ្វើការបង់ប្រាក់តាមរយៈ Canadia Bank App យ៉ាងងាយស្រួល ចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។

លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា បានបង្ហាញក្តីសោមន្សរីករាយរបស់លោក នៅពេលដែលធនាគារ កាណាឌីយ៉ា ទទួលបានពានរង្វាន់ «Best Retail Bank» ពីស្ថាប័ន The Asian Banker ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានមោទនភាពខ្លាំងណាស់ក្នុងការទទួលស្គាល់ពីស្ថាប័ន The Asian Banker ជា «Best Retail Bank» នៅក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២៣នេះ ក្នុងកម្មវិធីពាន់រង្វាន់ Global Excellence in Retail Financial Services Awards។ ពានរង្វាន់នេះជាទល្ហីករមួយដែលបញ្ជាក់អំពីការប្តេជ្ញារបស់ធនាគារ ទៅកាន់អតិថិជនរបស់យើងខ្ញុំ។ សមិទ្ធផលដ៏ល្អប្រពៃនេះ អាចកើតមានឡើងបានដោយសារតែការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ខ្ពង់ខ្ពស់អំពីសំណាក់ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា ក៏ដូចជាគណគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃធនាគារ កាណាឌីយ៉ា ទាំង៦៧សាខាទូទាំងប្រទេស ដែលខិតខំប្រឹងប្រែងផ្តល់ជូនអតិថិជនរបស់យើងនូវ បទពិសោធន៍ល្អ និងសេវាកម្មប្រកបដោយគុណភាពខ្ពស់»

លោក Raymond បានបន្ថែមទៀតថា «យើងនឹងនៅតែបន្តនាំយកមកនូវផលិតផល និងដំណោះស្រាយប្រកបដោយភាពឆ្នៃប្រឌិតខ្ពស់ ដែលធ្វើឱ្យលទ្ធភាពទទួលបានហិរញ្ញប្បទាននៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួល សម្រាប់អតិថិជនរូបវន្តបុគ្គល នីតិបុគ្គលផ្សេងៗនៅក្នុងវិស័យរដ្ឋាភិបាល ក៏ដូចជាពាណិជ្ជករ និងអាជីវករអនឡាញផងដែរ»