(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Disney លោក Bob Iger នៅថ្ងៃច័ន្ទសប្តាហ៍នេះ បាននិយាយថា ក្រុមហ៊ុន Disney នឹងចាប់ផ្តើមបញ្ឈប់បុគ្គលិកចាប់ពីសប្តាហ៍នេះ ដែលជាការកាត់បន្ថយដ៏ច្រើនពុំធ្លាប់មាន បន្ទាប់ពីការប្រកាសរបស់លោក នៅក្នុងខែកុម្ភៈថា ក្រុមហ៊ុននឹងកាត់បន្ថយការងារបុគ្គលិកចំនួន៧ពាន់នាក់។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNN នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

លោក Bob Iger នាយកប្រតិបត្តិរបស់ Disney លើកឡើងថា ការកាត់បន្ថយបុគ្គលិកដ៏ច្រើននេះ គឺដើម្បីកាត់បន្ថយថ្លៃចំណាយរបស់ក្រុមហ៊ុន និងដើម្បីទុកការចំណាយប្រើនៅផ្នែកសំខាន់ៗ របស់ក្រុមហ៊ុន ខណៈ Disney នឹងចាប់ផ្ដើមកាត់បន្ថយបុគ្គលិក៣ដង ដែលលើកទី១ នឹងធ្វើឡើងនៅសប្ដាហ៍នេះ។ ចំណែកលើកទី២ និងលើកទី៣ នឹងធ្វើឲ្យបានមុនរដូវក្ដៅចូលមកដល់ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ។

គួរជម្រាបថា ក្រុមហ៊ុន Disney មានបុគ្គលិកប្រហែល ២២០,០០០នាក់ គិតត្រឹមថ្ងៃទី០១ ខែតុលា ដែលក្នុងនោះមានប្រមាណ ១៦៦,០០០នាក់ នៅសហរដ្ឋអាមេរិក។ ការកាត់បន្ថយការងារចំនួន ៧,០០០នាក់នៅពេលនេះ គឺប្រហាក់ប្រហែលនឹង៣ភាគរយ នៃកម្លាំងពលកម្មសម្រាប់បុគ្គលិករបស់ខ្លួន នៅលើពិភពលោក៕