(កូរ៉េ)៖ តារាចម្រៀងប្រុសល្បីឈ្មោះ RM ដែលជាមេក្រុម BTS កន្លងទៅធ្លាប់មានព័ត៌មានថា ភាពឯកជនរបស់លោកត្រូវបានបុគ្គលិកក្រុមហ៊ុនរថភ្លើង KORAIL រំលោភបំពាន ពោលគឺគេបានចូលប្រើព័ត៌មានឯកជនរបស់លោក រួមទាំងលេខទូរស័ព្ទ និងអាសយដ្ឋានជាដើម។ ទោះបីរឿងនេះបានបញ្ចប់ តែនៅពេលនេះមានសេចក្តីរាយការណ៍ថា បុគ្គលិកម្នាក់នោះ ត្រូវបានបណ្តេញចេញពីការងារហើយ ព្រោះតែទង្វើមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

បើតាមការរាយការណ៍ដោយ EDaily បានឲ្យដឹងថា KORAIL បានសម្រេចចិត្តបណ្តេញបុគ្គលិក ទោះ​បី​ជា​ដំបូងគណៈកម្មាធិការអធិការកិច្ច បានស្នើសុំឲ្យផ្អាកក៏ដោយ ក៏ករណីនេះបានបញ្ចប់ ដោយការផ្ដន្ទាទោសយ៉ាងខ្លាំង។ បុគ្គលិកដែលបានរំលោភលើឯកជនភាពរបស់ RM នោះ ត្រូវបានបណ្តេញចេញពីការងារ ដោយសារបំពានលើកាតព្វកិច្ចរបស់ខ្លួននៅកន្លែងធ្វើការ។

កំហុសរបស់បុគ្គិលករូបនេះ ត្រូវបានគេចាត់ទុកថា «ធ្ងន់ធ្ងរ» ចាប់តាំងពីពួកគេបានចូលប្រើប្រាស់ទិន្នន័យរយៈពេល៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩មក។ ពួកគេបានចូលប្រើប្រាស់ព័ត៌មានរបស់ RM ចំនួន១៨ដង ដោយបានកកូរកកាយយកព័ត៌មានផ្ទាល់ខ្លួនដូចជាសំបុត្រ និងកៅអី លេខទូរស័ព្ទ អាសយដ្ឋាន និងអ្វីៗជាច្រើនទៀត។ ពេលខ្លះពួកគេបានចូលប្រើព័ត៌មាន ដើម្បីបំពេញការចង់ដឹងចង់ឃើញរបស់ពួកគេ។

ជនល្មើសបានសារភាពថា ខ្លួនបានចូលប្រើព័ត៌មាននៃការកក់ទុករបស់ RM ដើម្បីទៅជួបមុខតារារូបនេះផ្ទាល់ ហើយបានប្រាប់មិត្តរបស់ពួកគេថា RM អង្គុយនៅណា ដូច្នេះពួកគេអាចកក់កៅអីនៅក្បែរនោះបាន។ KORAIL បាននិយាយថា អតីតបុគ្គលិករបស់ពួកគេ គឺជាអ្នកគាំទ្ររបស់ RM ហើយបានធ្វើដូច្នេះ ដោយចង់ដឹងចង់ឃើញតែប៉ុណ្ណោះ មិនមានបំណងអ្វីផ្សេងទេ៕