(ភ្នំពេញ)៖ គ្រូពេទ្យនៃមន្ទីរពេទ្យ Japan Eye Hospital Cambodia បានថ្លែងថា នៅពេលដែលកូនរបស់អ្នកមានអាយុ​ ៣ឆ្នាំ សូមនាំកូនទៅជួបជាមួយគ្រូពេទ្យឯកទេសខាងភ្នែក ឬពិនិត្យមុនពេលកុមារ ចាប់ផ្តើមចូលរៀន ពិសេសប្រសិនបើការមើលឃើញកូនរបស់អ្នកមិនសូវល្អ វាអាចដោយសារតែគាត់កំពុងមានបញ្ហា ម្ញូបជិត(Myopia) ឬ ម្ញូបឆ្ងាយ (hyperopia)​ និង​​អាចជា​ Astigmatism ជាដើម។​

សូមអនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យភ្នែក ដើម្បីព្យាបាល ឬតាមដានបន្ថែមទៀត។ បន្ទាប់ពីនោះ សូមយកកូនរបស់អ្នកមកពិនិត្យភ្នែកម្ដងទៀត នៅពេលដែលគាត់មានអាយុ ៦​ឆ្នាំ បើទោះបីជាការមើលឃើញរបស់គាត់មានលក្ខណៈប្រក្រតីក៏ដោយ។

បន្ទាប់ពីគាត់មានអាយុ​ ៦ឆ្នាំ សូមយកគាត់មកពិនិត្យជាមួយគ្រូពេទ្យភ្នែកឲ្យបានទៀងទាត់រៀងរាល់ ១ឆ្នាំម្តង។ ប៉ុន្តែប្រសិនបើការមើលឃើញកូនរបស់អ្នកមិនល្អ សូមយកគាត់មកពិនិត្យជាមួយគ្រូពេទ្យភ្នែក ឲ្យបានទៀងទាត់រៀងរាល់​ ៣ខែម្តង។ការពិនិត្យនេះ ដើម្បីពិនិត្យរកមើលចក្ខុវិស័យ ថាមានការថយចុះនៃគំហើញឬអត់។

តើគួរតែមានការបង្ការបែបណា ដើម្បីកុំឲ្យកុមារមានម្ញូប​ជិត (Myopia)? ប្រសិនបើមានបញ្ហានេះ​ហើយ តើគួរព្យាបាលបែបណាដែរ? ជាការពិតណាស់ ថ្នាំបន្តក់ភ្នែកមួយប្រភេទដែលយើងហៅថា Atropine 0.01% គឺមានភស្តុតាងបង្ហាញឱ្យឃើញថា វាមានប្រសិទ្ធភាពសម្រាប់ក្មេងដែលមានបញ្ហាភ្នែកម្ញូប (Myopia) ពិតមែន។ ហើយក៏មានវ៉ែនតាដែលអាចជួយគ្រប់គ្រងការវិវត្តរបស់ភ្នែកម្ញូប (Myopia) និងវីតាមីនផ្សេងៗដើម្បីបង្ការកុំឱ្យមានភ្នែកម្ញូប (Myopia)ផងដែរ។

យ៉ាងណាមិញ មកដល់ពេលនេះ គឺមិនទាន់មានវិធីបង្ការណាមួយដែលច្បាស់លាស់១០០ភាគរយនៅឡើយទេ។ ទោះបីជាកូនរបស់អ្នកមានភ្នែកម្ញូប (Myopia) ក៏ដោយសូមកុំព្រួយបារម្ភឡើយវាមិនអីទេ ប្រសិនបើកូនរបស់អ្នកអាចមើលឃើញយ៉ាងច្បាស់នៅពេលដែលប្រើប្រាស់វ៉ែនតា។

យ៉ាងណាមិញចំពោះអ្នកដែលមានភ្នែកម្ញូបកម្រិតខ្ពស់ (High Myopia) គឺនឹងមានហានិភ័យជាច្រើន។ ដោយសារតែភ្នែកម្ញូបកម្រិតខ្ពស់ (High Myopia) ​អាចបណ្តាលអោយគំហើញចុះខ្សោយបន្តិចម្តងៗ ទោះបីជាប្រើប្រាស់វ៉ែនតាក៏ដោយ។ «នេះហើយជាហេតុផល ដែលខ្ញុំគិតថាការគ្រប់គ្រងការវិវត្តរបស់ភ្នែកម្ញូប (Myopia) គឺសំខាន់បំផុតក្នុងវ័យកុមារភាព។ មានអ្នកខ្លះទៀត​ មិនអាចមើលឃើញសោះតែម្តង សូម្បីតែនៅក្នុងកន្លែងដែលមានពន្លឺគ្រប់គ្រាន់ក៏ដោយ»។ នេះតាមការបញ្ជាក់របស់គ្រូពេទ្យនៃមន្ទីរពេទ្យ Japan Eye Hospital Cambodia។

មន្ទីរពេទ្យឯកទេសភ្នែកមួយនេះ បានបញ្ជាក់ទៀតថា មានរោគសញ្ញាដែលយើងបានកត់សម្គាល់ ដូចជាភ្នែកសងខាងបែរចូលក្នុង ឬស្រលៀងចូល និងភ្នែកសងខាងបែរចេញក្រៅ ឬស្រលៀងចេញ ដោយគ្រាន់តែប្រើប្រាស់ទូរសព្ទតែប៉ុណ្ណោះ។ នេះ​ជា​ហេតុផល​ដែល​ចង់​ណែនាំ ​កុំ​ឱ្យប្រើ​ទូរស័ព្ទខ្លាំង​​ពេក៕