(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងប៉ះជាមួយនឹងម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងការប្រកួតបើកឆាកពានរង្វាន់មិត្តភាពអន្តរជាតិ «Tri-Nation Cup 2023» នៅវេលាម៉ោង៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។

សម្រាប់ការប្រកួតពានរង្វាន់ មិត្តភាពអន្តរជាតិនេះ មានក្រុមបាល់ទះជម្រើសជាតិ ៣ប្រទេស ចូលរួមប្រកួត គឺម្ចាស់ផ្ទះម៉ាឡេស៊ី កម្ពុជា និងសិង្ហបុរី។ កម្ពុជា បើកឆាកប្រកួតនៅថ្ងៃទី២៩ ខែមីនានេះ ជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី រួចនិងបន្តជួបសិង្ហបុរី នៅថ្ងៃទី៣០ ខែមីនា ស្អែក ហើយចុងក្រោយជួបកម្តៅសាច់ដុំ ជាមួយក្រុមម៉ាឡេស៊ីកម្រិត B នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា ការប្រកួតពានរង្វាន់មិត្ដភាពអន្ដរជាតិនេះ គឺដើម្បីវាស់ស្ទង់ និងពង្រឹងសមត្ថភាពក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ។ ការប្រកួតនេះមាន ៣ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះម៉ាឡេស៊ី ២ក្រុម(ក្រុមធំ និងយុវជន) សិង្ហបុរី ១ក្រុម និងកម្ពុជា ១ក្រុម។

លោកបន្ដថា «ជំនួបពានរង្វាន់ Tri-Nation Cup នេះ ទាំងសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា គឺសុទ្ធតែពង្រឹងសមត្ថភាពរៀងៗខ្លួន ជាក់ស្ដែងបន្ទាប់ពីស៊ីហ្គេម នៅវៀតណាម ខ្ញុំគិតថា បណ្ដាប្រទេសក្នុងតំបន់របស់យើង គឺពង្រឹងរៀងៗខ្លួន ទាំងកីឡាករ និងគ្រូបង្វឹកជាដើម...។ ដូច្នេះស៊ីហ្គេម ឆ្នាំ២០២៣ នេះ មិនមែនជាការងារស្រួលទេ ក្នុងការប្រកួតប្រជែងដណ្ដើមមេដាយមាស ។ អ៊ីចឹងយើងក៏ចង់បាន គេក៏ចង់បាន»

«ដូច្នេះដើម្បីឈានដល់មហិច្ឆតាយើងដាក់គោលដៅរួមគ្នានោះ ទាល់តែយើងខ្លួនឯង ពិសេសកីឡាករ ត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដាក់ចិត្តដាក់កាយ យកបេះដូងមកហ្វឹកហាត់ ដើម្បីស្វែងរកមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះ»។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ថែម។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ក្រោយត្រឡប់ពីចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិខាងលើ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិក្នុងស្រុក ២ប្រកួតទៀត ដោយគ្រោងជួបក្រុមលំដាប់លេខ១ មកពីខេត្តសាន់តូវ ប្រទេសចិន នាថ្ងៃទី០៥ និងថ្ងៃទី០៧ ខែមេសាខាងមុខ ដែលជាការប្រកួតត្រៀមចុងក្រោយ មុនការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ មកដល់។

បើមើលប្រវត្តិជួបគ្នាចុងក្រោយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម កម្ពុជា និង ម៉ាឡេស៊ី ធ្លាប់ប៉ះគ្នាកាលពីឆ្នាំ២០១៧ នៅលើទឹកដីរបស់ម៉ាឡេស៊ីតែម្តង ហើយពេលនោះ កម្ពុជាបានចាញ់ ៣-០ (២៥-១៨, ៣០-២៨ និង ២៥-១៩)។

ក្នុងកីឡាស៊ីហ្គេម ម៉ាឡេស៊ីមានប្រវត្តិល្អជាងកម្ពុជា ដោយធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០០១ និងទទួលបានមេដាយប្រាក់ ខណៈកម្ពុជា បានឈ្នះមេដាយសំរឹទ្ធលើកដំបូង កាលពីឆ្នាំ២០២២កន្លងទៅ នៅប្រទេសវៀតណាម។

សូមរំលឹកថា នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ Tri-Nation Cup 2023 រយៈពេល ៥ថ្ងៃ ដោយចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣តទៅ៕