(ភ្នំពេញ)៖ ការតាំងពិព័រណ៍ផលិតផលសហគ្រិនស្ដ្រីកម្ពុជា ដែលរៀបចំដោយសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែមីនា ឆ្នាំ២០២៣នេះ នៅផ្សារទំនើបអូឡាំព្យ៉ា បានបើកសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសបើកសម្ពោធនៅថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០២៣នេះ ក៏មានអញ្ជើញចូលរួមពី ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា, លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ, លោកស្រី ម៉ារៀ អាម៉េលីតា ស៊ី អាគីណូ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា, លោកស្រី តែវ ឡាយ ចេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំកម្ពុជា, លោកស្រី លីអឺកា រ៉ូទ្រីហ្គេស បារ៉ូស ឯកអគ្គរដ្ឋទូគុយបាប្រចាំកម្ពុជា, លោក លោកស្រីតំណាងមកពីស្ថានទូតសហរដ្ឋអាមេរិក, ឥណ្ដូនេស៊ី, ជប៉ុន, វៀតណាម, កាណាដា និងអូស្ត្រាលី រួមទាំងមន្ដ្រីថ្នាក់ដឹកនាំពីបណ្ដាក្រសួងជាច្រើនរូបទៀត។

ក្នុងឱកាសបើកសម្ពោធការតាំងពិព័រណ៍ផលិតផលសហគ្រិនស្ត្រីកម្ពុជា ក៏មានការសម្ដែងសិល្បៈវាយស្គរធំរបស់ក្រុមនារី មេធា និងការដើរម៉ូដបង្ហាញផលិតផលសហគ្រិនស្ដ្រីផងដែរ ដែលទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវកិត្ដិយស។

មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានថ្លែងក្នុងឱកាសបើកសម្ពោធនូវការតាំងពិព័រណ៍នេះថា ក្នុងនាមក្រសួងពាណិជ្ជកម្ម និងខ្លួនលោកស្រីផ្ទាល់ ពិតជាមានមោទនភាពណាស់ ដែលសមាគមសហគ្រិនស្ដ្រីកម្ពុជា ទទួលបានការគាំទ្រ និងចូលរួមទស្សនាការតាំងពិព័រណ៍ យ៉ាងច្រើនផុសផុលពីសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិ។

លោកស្រីបន្ដថា ការតាំងពិព័រណ៍ផលិតសហគ្រិនស្ដ្រីកម្ពុជា នៅក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងផែនការទិសដៅបន្តឆ្នាំ២០២៣ គឺជាផ្នែកមួយក្នុងការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញភាពអង់អាច ដល់ស្ដ្រីក្នុងផ្នែកផលិតកម្មទីផ្សារ និងសហគ្រិនភាព ដើម្បីបង្កើនសក្ដានុពលក្នុងការចូលរួមប្រកួតប្រជែង ក្នុងសង្គមសេដ្ឋកិច្ច ដូចទៅនឹងតួអង្គសេដ្ឋកិច្ចដទៃទៀត នៅក្នុងទីផ្សារ។

ជាមួយគ្នានេះ ឧកញ៉ា កែវ មុំ បានលើកឡើងថា ពិតណាស់យើងគ្រប់គ្នាសុទ្ធតែបានដឹងហើយថា ក្នុងចំណោមសហគ្រាសខ្នាតមីក្រូ តូច និងធម្យមប្រមាណជាង ៦៥% គឺមានម្ចាស់ជាស្ត្រី ដែលក្នុងនោះ ៩០% គឺត្រូវបានគ្រប់គ្រង និងដឹកនាំដោយស្រ្តី។

សូមជម្រាបថា បន្ទាប់ពីបានបើកសម្ពោធការតាំងពិព័រណ៍នេះ មន្ត្រីថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសបានដើរទស្សនាតាមស្តង់នីមួយៗផងដែរ។

សម្រាប់ការតាំងពិព័រណ៍ថ្ងៃទី២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នឹងមានកម្មវិធីកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «កំណត់ក្នុងខ្លួននារី ដែលលើសពីសហគ្រិន» ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១១ព្រឹក និងកម្មវិធីជាច្រើនទៀត ក្រៅពីការតាំងពិព័រណ៍ផលិតផលដែលមានជាង១០០ស្តង់នេះ។

ចំពោះសន្និបាតប្រចាំឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមីនា ក្រោមអធិបតីភាព លោកស្រីគតិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

នៅថ្ងៃចុងក្រោយនៃការតាំងពិព័រណ៍ផលិតផលសហគ្រិនស្ត្រី និងសន្និបាតនេះ ក៏មានពិធីលៀងសាយភោជននាពេលរាត្រី ក្នុងនេះក៏មានពិធីកាត់ខំខេកអបអរសាទរខួបលើកទី១១នៃការបង្កើតសមាគម ក៏ដូចជាខួបលើកទី១១២នៃទិវានារីអន្តរជាតិ ក្រោមអធិបតីភាព លោកស្រី ឡាយ ណាវីន រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានការអញ្ជើញចូលរួមពីសមាជិកា និងស្ថាប័ន-អន្តរជាតិជាច្រើនផងដែរ។

ក្រៅពីពិធីសំខាន់ៗទាំងនេះ សមាគមក៏បានរៀបចំកម្មវិធីប្រកួតវោហាសាស្រ្ត និងកម្មវិធីកម្សាន្តពេលល្ងាចរហូតដល់ម៉ោង ៩យប់ រួមជាមួយការចាប់ឆ្នោតផ្សងសំណាងយករង្វាន់ជាច្រើនទៀត។

ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ សូមចូលរួមយ៉ាងច្រើនកុះករ ដើម្បីជួយលើកស្ទួយផលិតផលរបស់ខ្មែរយើង និងដើម្បីទទួលនូវចំណេះដឹងផ្នែកទីផ្សារ និងជំនួញ ដែលការចូលរួមដោយសេរី និងមិនគិតថវិកានោះទេ៕