(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានរងបរាជ័យក្រោមថ្វីដៃក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ៣-០សិត ក្នុងជំនួបបើកឆាកពានរង្វាន់មិត្តភាព Tri-Nation Volleyball Cup 2023 កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ។

ជំនួបដំបូងជាមួយក្រុមធំ ឬក្រុម A នៃប្រទេសម៉ាឡេស៊ីនេះ ក្រុមកម្ពុជា ហាក់លេងមិនសូវយល់ចិត្តគ្នា ដូចប៉ុន្មានប្រកួតចុងក្រោយនោះទេ ដែលនាំឲ្យទទួលបានលទ្ធផលមិនគាប់ប្រសើរ ពោលគឺចាញ់ម៉ាឡេស៊ី ២៨-២៦ នៅសិទី១, ចាញ់ ២៥-២១ នៅសិតទី២ និងចាញ់ ២៥-១២ នៅសិតទី៣ ។

ការបរាជ័យនេះ ធ្វើឲ្យលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាប្រធា​នប្រតិភូ ហាក់មិនសូវសប្បាយចិត្តនោះទេ ចំពោះការធ្វើមិនបានល្អនេះ តែលោករំពឹងថា ការប្រកួតបន្ទាប់ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងធ្វើបានល្អប្រសើរឡើងវិញ ។

តាមការគ្រោងទុក បន្ទាប់ពីប្រកួតជាមួយក្រុម A ម៉ាឡេស៊ី កម្ពុជា នឹងបន្ដជួបក្រុមជម្រើសជាតិសិង្ហបុរី នាយប់ថ្ងៃទី៣០ ខែមីនានេះ មុនបន្ដជួបក្រុម B របស់ម៉ាឡេស៊ី នាថ្ងៃទី៣១ ខែមីនាស្អែក នាវេលាម៉ោង ៧៖៣០នាទីយប់ដូចគ្នា៕