(ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ហើយ ដោយអត្តពលិកម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេ សរុប ២៩គ្រឿង រួមមានមេដាយមាស ១០, ប្រាក់ ៩ និងសំរឹទ្ធ ១០។

ការប្រកួតនេះ មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៥-៣០ ខែមីនា នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានប្រតិភូ និងអត្តពលិកចូលរួមសរុប ៧ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងឡាវ ដែលធ្វើការប្រកួតលើ ៣០វិញ្ញាសា ដូចវិញ្ញាសាដាក់ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជាដែរ ។

ជាលទ្ធផលកម្ពុជា ឈរកំពូលតារាងមេដាយ តាមពីក្រោយដោយអត្តពលិកវៀតណាម ឈរលេខ២ ឈ្នះមេដាយសរុប ២០គ្រឿង(មាស៩ និងប្រាក់ ១១)។ មីយ៉ាន់ម៉ា ឈរលេខ៣ ឈ្នះមេដាយសរុប ២៨គ្រឿង (មាស៥ ប្រាក់ ៤ និងសំរឹទ្ធ ១៩)។ ថៃ ឈរលេខ៤ ឈ្នះមេដាយសរុប ១២គ្រឿង(មាស៣ ប្រាក់៥ និងសំរឹទ្ធ៤)។ ឥណ្ឌូនេស៊ី ឈរលេខ៥ ឈ្នះមេដាយសរុប ១៩គ្រឿង (មាស ៣ និងសំរឹទ្ធ ១៦)។ ហ្វីលីពីន ឈរលេខ៦ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ៦ និងឡាវ ឈ្នះមេដាយសំរឹទ្ធ ៤គ្រឿង។

ជុំវិញការដណ្ដើមបានមេដាយដ៏ច្រើនខាងលើ គឺជាសញ្ញាណមួយដ៏ល្អ សម្រាប់ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ដែលកំពុងត្រៀមខ្លួនទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភាខាងមុខ។ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានដាក់គោលដៅដណ្ដើមមេដាយមាសយ៉ាងហោច ៩គ្រឿង នៃការប្រកួតកីឡាស៊ីហ្គេមលើទឹកដីរបស់ខ្លួន ។ តាមរយៈនេះ គេរំពឹងថា កីឡាវ៉ូវីណាមកម្ពុជា នឹងអាចសម្រេចមហិច្ឆតារបស់ខ្លួន ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាពេលឆាប់ៗខាងមុខ៕