(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបន្តគាំទ្រវិស័យកីឡានៅកម្ពុជា ចូលរួមចំណែកក្នុងការគាំទ្រវិស័យកីឡានៅកម្ពុជា តាមរយៈការចូលរួមចំណែកក្នុងយុទ្ធនាការ បំបែកកំណត់ត្រាការបត់បេះដូងច្រើនបំផុតលើពិភពលោក ដើម្បីគាំទ្រស៊ីហ្គេម និងប៉ារ៉ាហ្គេមដំបូងគេនៅកម្ពុជា យុទ្ធនាការ «បេះដូងច្រើនជាងគេលើពិភពលោក» ជាផ្នែកមួយនៃ #BeyondTheGames ដែលត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ឱកាសដល់មហាជនដែលចង់ចូលរួមគាំទ្រ អាចបង្ហាញទឹកចិត្ដស្រឡាញ់ និងការបរិច្ចាគដោយប្រយោល ទៅកាន់កីឡាករ-កីឡាការិនីដែលមានពិការភាព នៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣។

អ្នកចូលរួមអាចបត់ក្រដាសពណ៌ចេញជារូបបេះដូងមួយ ឬច្រើនទៅតាមលទ្ធភាពរៀងៗខ្លួន ហើយក្រុមហ៊ុន និងស្ថាប័នឯកជនចំនួន៥ រួមមានក្រុមហ៊ុន Smart ជាអ្នកផ្ដល់ថវិកាបរិច្ចាគដោយផ្ទាល់ទៅកាន់កីឡាករ ដោយផ្នែកលើចំនួនរូបបេះដូង ដែលប្រមូលបានជាក់ស្ដែង នៅដើមខែមេសាខាងមុខ។

ស្របគ្នានេះដែរ ក្រុមហ៊ុន Smart Axiata ក៏បានចូលរួមយ៉ាងពេញទំហឹងក្នុងយុទ្ធនាការមួយនេះ តាមរយៈការផ្តល់ជំនួយជាទឹកប្រាក់ចំនួន ពីរម៉ឺនប្រាំពាន់ដុល្លាអាមេរិក ក៏ដូចជាការចូលរួមផ្សព្វផ្សាយពីរបៀបបត់ ការចូលរួមបត់ផ្ទាល់ពីបុគ្គលិកក្រុមហ៊ុន និងដាក់បេះដូងដែលបត់រួច ចូលក្នុងហឹបយុទ្ធនាការនៅគ្រប់បណ្តា Smart Shop នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata ក៏បានបង្ហាញពីសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមចំណែកគាំទ្រយុទ្ធនាការដ៏ពិសេសមួយនេះផងដែរ «ក្រុមហ៊ុន SMART ពិតជាមានមោទនភាពជាខ្លាំងក្នុងការគាំទ្រយ៉ាង និងចូលរួមចំណែកជាម្ចាស់ឧបត្ថម្ភ ក្នុងយុទ្ធនាការដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម និង បត់បេះដូងចំនួន ១លានបេះដូងបំបែកកំណត់ត្រា Guiness ក្នុងការបត់បេះដូងក្រដាសច្រើនបំផុតក្នុងពិភពលោក និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលកម្ពុជាជាម្ចាស់ផ្ទះលើកដំបូង លើការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហើយនេះក៏ជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ»

លោកបានលើកទឹកចិត្តឲ្យអតិថិជន Smart ទាំងអស់ចូលរួមគាំទ្រយុទ្ធនាការនេះទាំងអស់គ្នា «ពួកយើងអាចចូលរួមបត់បេះដូងទាំងអស់គ្នា ដើម្បីបង្ហាញពីក្ដីស្រលាញ់ និងការគាំទ្រដល់កីឡាករ កីឡារិនីកម្ពុជារបស់កម្ពុជា ព្រោះបេះដូងនីមួយៗ ដែលបងប្អូនបានចូលរួមបត់ គឺមិនមែនត្រឹមតែជាបេះដូងក្រដាសធម្មតានោះទេ តែបេះដូងទាំងនោះនឹងក្លាយទៅជាកម្មវត្ថុក្នុងការបរិច្ចាគថវិកាពីក្រុមហ៊ុន។ យុទ្ធនាការ Beyond The Games គឺលើសពីកីឡា លើសពីការប្រកួត យើងចង់បង្ហាញទៅកាន់សង្គមជាតិ និងពិភពលោកថា កីឡាផ្សាភ្ជាប់នឹងវប្បធម៌មរតកជាតិ កីឡាផ្សាភ្ជាប់សន្តិភាព និងការអភិវឌ្ឍ កីឡាផ្សាភ្ជាប់ស្មារតីសាមគ្គីភាព និងមិត្តភាព»

អតិថិជនទាំងអស់ អាចធ្វើការស្វែងយល់ពីរបៀបបត់ ចូលរួមបត់ផ្ទាល់ និងដាក់បេះដូងដែលបត់រួចចូល ក្នុងហឹបយុទ្ធនាការនេះនៅគ្រប់ Smart Shop ទាំងអស់ដែលនៅជិតជាងគេ។

ដោយឡែក ក្រុមហ៊ុន Smart Axiata ក៏បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការចូលរួមចំណែកបង្រួបបង្រួមសង្គម ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍសង្គមខ្មែរ និងបណ្តុះទេពកោសល្យជំនាន់ក្រោយ ។ ជាក់ស្តែង ក្រុមហ៊ុន Smart Axiata បានចូលរួមឧបត្ថម្ភការរៀបចំកីឡាជាតិកម្ពុជា ចាប់តាំងពីកីឡាជាតិលើកទី ១ នៅក្នុងឆ្នាំ ២០១៦ ដែលទទួលបានឱកាសពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួមជាម្ចាស់ ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ជាតិនេះផងដែរ៕