(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមជម្រើសជាតិបាល់ទឹកសិង្ហបុរី និងកម្ពុជា បានបើកការប្រកួតមិត្តភាព វាស់ស្ទង់កម្រិតបច្ចេកទេស និងសមត្ថភាព បន្ទាប់ពីបានហ្វឹកហាត់ជាមួយគ្នា។
ការប្រកួតនេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន គ្រូបង្វឹក កីឡាករ-កីឡាការិនី សិស្សនិស្សិតជាច្រើនរូប។
ការប្រកួតនេះ រៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងគោលបំណងឱ្យកីឡាករបាល់ទឹកកម្ពុជា អាចដកស្រង់បទពិសោធន៍ ក៏ដូចជាផ្ដល់លទ្ធភាពឱ្យពួកគាត់ បានសាកល្បងបច្ចេកទេស និងវាស់ស្ទង់កម្រិតសមត្ថភាពរបស់ខ្លួន បន្ទាប់ពីបានហ្វឹកហាត់ជាមួយគ្នារយៈពេលជាយូរមកហើយ និងជាឱកាសមួយសម្រាប់កម្ពុជា អាចពង្រឹងសមត្ថភាព កីឡាករ និងគ្រូបង្វឹករបស់ខ្លួន ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ។
ជាលទ្ធផលនៃការប្រកួត ក្រុមជម្រើសជាតិបាល់ទឹកសិង្ហបុរី បាននាំមុខក្រុមជម្រើសជាតិបាល់ទឹកកម្ពុជា១៥ ទល់នឹង៩។
សូមជម្រាបថា ក្រុមជម្រើសជាតិបាល់ទឹកកម្ពុជា បានហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ បាល់ទឹកសិង្ហបុរី អស់រយៈពេលជាយូរមកហើយ ប៉ុន្តែមិនទាន់មានឱកាសក្នុងការវាស់ស្ទង់សមត្ថភាពបច្ចេកទេសនៅឡើយ។ ការចូលរួមប្រកួតរវាងក្រុមជម្រើសជាតិទាំងពីរនេះ គឺជាដកស្រង់បទពិសោធន៍ និងបំពេញបន្ថែមលក្ខណៈបច្ចេកទេសផ្សេងៗ ក៏ដូចជាផ្ដល់ឱកាសឱ្យកីឡាករកម្ពុជាបានវាស់ស្ទង់ សមត្ថភាពជាក់ស្តែងរបស់ខ្លួនផងដែរ៕