(សៀមរាប)៖ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាមិនត្រឹមតែមានតួនាទីក្នុងការណែនាំទិសដៅទស្សនា និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងប្រាសាទជូនដល់ភ្ញៀវទេសចរប៉ុណ្ណោះទេ តែថែមទាំងបានជួយដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងជាយថាហេតុក្នុងពេលភ្ញៀវទេសចរកំពុងដើរទស្សនានៅតំបន់រមណីយដ្ឋានអង្គរដែរ។

ជាក់ស្តែងបានជួយសង្គ្រោះភ្ញៀវទេសចរមានគ្រោះថ្នាក់ទាន់ពេលវេលា និងរក្សាទុកសម្ភារដែលភ្ញៀវជ្រុះ ឬភ្លេចដើម្បីប្រគល់ជូនម្ចាស់វិញជាដើម។

លោក ឡេក គិមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៅប្រាសាទអង្គរវត្ត លើកឡើងថា កន្លងមកមានករណីភ្ញៀវរអិលជំពប់ជើងបណ្តាលឱ្យដួល គ្រេច ថ្លោះដៃជើង ងងឹតមុខ ចុកពោះ ក្បាលប៉ះជាមួយថ្មជាដើម។

ចំពោះករណីស្រាល ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា សហការជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ នគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌជួយសង្គ្រោះទាន់ពេលវេលានៅនឹងកន្លែង។

ចំពោះករណីធ្ងន់វិញ ត្រូវសង្រ្គោះបឋមដោយធ្វើ CPR ដោយក្រុមការងារសុទ្ធតែឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញផ្នែកសង្គ្រោះបឋម និងបញ្ជូនបន្តទៅមន្ទីរពេទ្យភ្លាមៗ។ ដោយឡែក ករណីភ្ញៀវទេសចរជ្រុះឬភ្លេចសម្ភារ ក៏ភ្នាក់ងារទេសចរណ៍ សហការជាមួយគ្រប់ផ្នែកពាក់ព័ន្ធប្រគល់ជូនម្ចាស់ដើមវិញ។

សកម្មភាពទាំងនេះតែងទទួលបាននូវការអរគុណ និងកោតសរសើរពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕