(ភ្នំពេញ)៖ លោកស្រី អាង ដាណែត និងលោក ញឹម រាសី អគ្គនាយកក្រុមហ៊ុន WH បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នា ជាមួយក្រុមហ៊ុន តានីជូ គ្រុប ដើម្បីអភិវឌ្ឍន៍អគារខុនដូ «J-TOWER 3» ដែលជាអគារខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់រហូតដល់៧៧ជាន់ (៣២០ម៉ែត្រ) ស្ថិតជាប់តំបន់បឹងកេងកង១ ។
ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងវិនិយោគអគារខុនដូររួមគ្នា ដែលធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ លោក ញឹម រាសី អគ្គនាយកក្រុមហ៊ុន WH បានថ្លែងថា «មូលហេតុដែលយើងឈានទៅចាប់ដៃគូជាមួយក្រុមហ៊ុន តានីជូ គ្រុប ដើម្បីអភិវឌ្ឍន៍អគារខុនដូកម្ពស់៧៧ជាន់នេះគឺ ដោយការសង្កេតឃើញថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន តានីជូ គ្រុប កន្លងមក ដូចជា អគារ J Village, J City, J Tower 1 និង J Tower 2 សុទ្ធតែទទួលបានជោគជ័យ និងការលក់យ៉ាងល្អប្រសើរ»។
លោកគូសបញ្ជាក់ថា គម្រោងអគារ «J-TOWER 3» នឹងក្លាយជាផ្នែកមួយលើកតម្កើងមុខមាត់របស់កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ គម្រោងនេះនឹងផ្តល់នូវបរិយាបទរស់នៅថ្មីមួយទៀត ដែលទំនើបទាន់សម័យ និងផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃជាមួយនឹងបរិក្ខារដ៏សំបូរបែបរបស់អគារ។
លោកស្រី អាង ដាណែត និងលោកបណ្ឌិត ញឹម កលរស្មី ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WH បានលើកឡើងរួមគ្នាថា «គម្រោងនេះក៏នឹងក្លាយជាឱកាសមួយ សម្រាប់ការវិនិយោគដែលនឹងផ្តល់ផលចំណេញជាទីគាប់ចិត្ត មិនថាវិនិយោគសម្រាប់ផលចំណេញ ឬផលចំណូលពីការជួលឡើយ។ ដូចនេះហើយ ទើបវិនិយោគជនជាតិជប៉ុន និងបរទេសជាច្រើនបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោង។ ហើយគោលបំណងរបស់យើង គឺចង់ពាំនាំឱកាសនេះ ទៅដល់អ្នកវិនិយោគក្នុងស្រុក ដើម្បីទទួលនូវផលចំណេញ ក៏ដូចជាកន្លែងស្នាក់នៅដែល សមប្រកបដោយផាសុខភាព ក្នុងបរិបទជំនាន់ថ្មីផងដែរ»។
លោក តានី ស៊ុនជី អគ្គនាយកក្រុមហ៊ុន តានីជូ គ្រុប បានថ្លែងថា អគារខុនដូ «J-TOWER 3» មាន៧៧ ជាន់មានកម្ពស់រហូតដល់៣២០ម៉ែត្រ នឹងក្លាយជាអគារដែលខ្ពស់ជាងគេនៅកម្ពុជា និងជាប់ចំណាត់លេខ៨នៅតំបន់អាស៊ី។
លោកបានឱ្យដឹងថា «តាមរយៈការស្រាវជ្រាវពីគម្រោងអគារខ្ពស់ៗនៅក្នុងតំបន់អាស៊ី បន្ទាប់ពីអគារ J-TOWER 3 សាងសង់រួច អគារនេះនឹងក្លាយជាអគារជាប់ចំណាត់ថ្នាក់ទី៨ នៅក្នុងតំបន់អាស៊ី ដែលមានកម្ពស់ខ្ពស់ជាងគេ»។
លោកបានបញ្ជាក់បន្ថែមថា អគារ J-TOWER 3 ត្រូវបានសាងសង់ឡើងផ្តោតទៅលើភ្ញៀវដែលស្នាក់នៅ ជាសំខាន់ពោល គឺនឹងផ្តល់នូវសុវត្ថិភាព២៤ម៉ោងទៅអ្នករស់នៅក្នុងអគារ និងធ្វើឱ្យភ្ញៀវមានភាពសប្បាយរីករាយ។
លោកបន្តថា នៅជាន់ទី៧៧នៃអគារនេះ នឹងរៀបចំជាស្កាយបារ និង អាងហែលទឹក ដែលជាអាងហែលទឹកខ្ពស់ជាងគេនៅលើពិភពលោក សម្រាប់ភ្ញៀវកម្សាន្ត៕