(សៀមរាប)៖ ខ្លោងទ្វារដីឆ្នាំង ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥របស់ក្រុងអង្គរធំ ស្ថិតនៅទិសខាងជើង និងជាផ្នែកមួយនៃការចេញចូលក្នុងក្រុងអង្គរធំ ក៏ដូចជាផ្លូវសម្រាប់ទស្សនារមណីយដ្ឋានអង្គរក្នុងវង់ធំផងដែរ។

ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខ្លោងទ្វារនេះ មិនភ្លេចឡើយចុះផ្តិតយករូបភាពដ៏ស្រស់ស្អាតនៃខ្លោងទ្វារ ដោយសារទីនេះមានទេសភាពស្រស់ស្អាត កំពូលមុខព្រហ្មទាំង៤ញញឹមស្វាគមន៍ រួមទាំងចម្លាក់ទេវៈ និងអសុរៈទាញព្រ័ត្រយ៉ាងស្វាហាប់អមសងខាងផ្លូវ ដោយឆ្លងកាត់កសិន្ធុទឹកព័ទ្ធជុំវិញក្រុងអង្គរធំ និងមានទាំងដើមឈើតូចធំ បង្កើតជាទេសភាពដ៏ទាក់ទាញគ្រប់រដូវកាល។

លោក វិន វ៉ុន ភ្នាក់ងារទេសចរណ៍ប្រចាំការនៅច្រកខ្លោងទ្វារដីឆ្នាំង បានឱ្យដឹងថា នៅទីតាំងនេះមានប្លង់សម្រាប់ថតផ្តិតរូបភាពដ៏ទាក់ទាញមួយចំនួន ដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិពេញនិយមថតរូបអនុស្សាវរីយ៍ ជាពិសេសការថតផ្តិតយករូបភាព និងច្រមុះព្រហ្មនៃខ្លោងទ្វារ។ លើសពីនេះ ទីតាំងនេះពេញនិយមសម្រាប់ការថតរូបភាពមុនរៀបអាពាហ៍ពិពាហ៍មានជាហូរហែមិនដែលដាច់ឡើយ។

ក្នុងនាមលោកជាភ្នាក់ងារទេសចរណ៍មើលការខុសត្រូវ និងថែរក្សាសណ្តាប់ធ្នាប់នៅទីតាំងខ្លោងទ្វារដីឆ្នាំង លោក វិន វ៉ុន បានជួយសម្រួលចរាចរណ៍ និងណែនាំភ្ញៀវទេសចរ ចៀសវាងភ្ញៀវប្រព្រឹត្តមិនគប្បីនៅបរិវេណប្រាសាទបុរាណ។ លោកក៏បានសំណូមពរដល់ភ្ញៀវទេសចរ និងអ្នកដឹកភ្ញៀវចូលរួមចតយានយន្តគ្រប់ប្រភេទទៅតាមចំណតដែលអាជ្ញាធរជាតិអប្សរាបានរៀបចំជូន ចៀសវាងការកកស្ទះ បង្កគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុណាមួយ និងរក្សាសណ្តាប់ធ្នាប់ ព្រោះខ្លោងទ្វារដីឆ្នាំងនេះមានតួនាទីសំខាន់សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ចេញចូលក្នុងអតីតក្រុងអង្គរធំនៃវង់ទស្សនាវង់ធំ និងភូមិនគរក្រៅផង៕