(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិ U-22 (យុវជនអាយុក្រោម២២) កម្ពុជា នឹងត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិ U-22 (យុវជនអាយុក្រោម២២) ឥណ្ឌូណេស៊ី ក្នុងព្រឹត្ដិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតនេះ គឺជាការប្រកួតចុងក្រោយ នៃវគ្គសន្សំពិន្ទុក្នុងពូល ដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវតែឈ្នះជាចាំបាច់ ដើម្បីមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បើសិនជាក្រុមបាល់ទាត់ ជម្រើសជាតិ U-22 ហ្វីលីពីន យកឈ្នះ ឬស្មើមីយ៉ាន់ម៉ា នាយប់ថ្ងៃទី១០ ខែឧសភានេះ នៅកីឡដ្ឋាន Smart RSN រាជធានីភ្នំពេញ។

ការប្រកួតពូល A ទាំង២គូនេះ គឺធ្វើឡើងនៅក្នុងថ្ងៃនេះ ដែលលេងនៅម៉ោង៧៖០០យប់ដូចគ្នា ដោយកម្ពុជា ទល់នឹងឥណ្ឌូណេស៊ី ប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈការប្រកួតរវាង ហ្វីលីពីន ទល់នឹងមីយ៉ាន់ម៉ា ប្រកួតនៅកីឡដ្ឋាន Smart RSN។

ក្រោយឆ្លងកាត់៣ប្រកួត ក្នុងពូល A វិញ្ញាសាបាល់ទាត់ ផ្នែកបុរស U-22 កម្ពុជាបានភ្លក្សគ្រប់រសជាតិ ពោលគឺឈ្នះទីម័រខាងកើត ៤-០ និងស្មើហ្វីលីពីន ១-១ មុនមកចាញ់មីយ៉ាន់ម៉ា ២-០ ក្នុងប្រកួតទី៣ ឈរនៅលេខរៀងទី៣ ជាបណ្តោះអាសន្នជាមួយនឹង៤ពិន្ទុ ចាញ់ប្រៀបមីយ៉ាន់ម៉ា ដែលឈរនៅលេខ២ ចំនួន២ពិន្ទុ និងក្រុមកក់កៅអីទៅវគ្គ៤ក្រុម ចុងក្រោយឥណ្ឌូណេស៊ី ៣ពិន្ទុ៕