(សៀមរាប)៖ ការងារសម្អាតបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ មិនចំពោះតែនៅបរិវេណប្រាសាទប៉ុណ្ណោះទេ ការងារនេះក៏ផ្តោតនៅតាមដងផ្លូវនានាដែរ។
ការយកចិត្តទុកដាក់សម្អាតជាប្រចាំរបស់ក្រុមការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដូចជាសំរាម ស្លឹកឈើ ថង់ផ្លាស្ទីក ដប កំប៉ុងផ្សេងៗ ដើម្បីឱ្យតាមដងផ្លូវមានបរិស្ថានស្អាតជានិច្ច ដែលលើកសោភ័ណភាពផ្លូវអមដោយព្រៃឈើតូចធំសងខាងផ្តល់ជាម្លប់ត្រឈឹងត្រឈៃ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទទួលបានអារម្មណ៍ស្រស់ស្រាយផ្សេងមួយទៀត ក្រៅតែពីការទស្សនាប្រាសាទបុរាណ។
ក្នុងចំណោមក្រុមការងារសម្អាតបរិស្ថាននៅចំណុចផ្លូវវង់ធំ ចាប់ពីខ្លោងទ្វារដីឆ្នាំងដល់ស្ពានប្រាសាទនាគព័ន្ធ អ្នកស្រី ម៉ាប់ ឌឹប បានលើកឡើងថា នៅតាមដងផ្លូវវង់ធំនេះ ក្រៅពីសំរាមស្លឹកឈើក៏មានសំរាមថង់ផ្លាស្ទីក ដបទឹកសុទ្ធ និងសំណល់ផ្សេងៗដែលក្រុមការងារបានជួប្រទះជារៀងរាល់ថ្ងៃ។
អ្នកស្រី ឌឹប សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូបកុំចោលសំរាមពាសវាលពាសកាល។ ពិសេសបងប្អូនដែលមានជាប់មកជាមួយនូវម្ហូបអាហារ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងយកទៅដាក់ក្នុងធុងសំរាម ដើម្បីឱ្យសម្រស់ផ្លូវវង់ធំនេះមានតែភាពបៃតងស្រស់បំព្រង និងគ្មានសំរាម។ ការចូលរួមរបស់ភ្ញៀវទេសចរគ្រប់រូបគឺជាការចាំបាច់ដើម្បីរមណីយដ្ឋានអង្គរគ្មានសំរាម៕