(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រកាសបដិសេធចំពោះព័ត៌មានក្លែងក្លាយ និងបំពុលសង្គម ដែលកំពុងផ្សព្វផ្សាយខុសពីគោលការណ៍ណែនាំរបស់ខ្លួន ពាក់ព័ន្ធនឹងបណ្ណចូលទស្សនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ ។

យោងតាមមន្ដ្រីជាន់ខ្ពស់ CAMSOC បានបញ្ជាក់ថា «គណៈកម្មាធិការជាតិ CAMSOC សូមបដិសេសទាំងស្រុង រាល់ព័ត៌មានក្លែងក្លាយនានា ក្នុងចលនាបំពុលសង្គម ដែលកំពុងផ្សព្វផ្សាយខុសពីគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិ CAMSOC ។ អ្នកដែលបង្កបញ្ហា និងបំពុលសង្គមនេះ នឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយអ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់» ។

ទន្ទឹមជាមួយគ្នាដែរ គណៈកម្មាធិការជាតិ CAMSOC បានអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើង មេត្ដាប្រុងប្រយ័ត្នទៅលើប្រភពព័ត៌មានណា ដែលមិនផ្លូវការ បំពុល បង្កាច់បង្ខូច ឬធ្វើឲ្យខូចដល់បរិយាកាសដល់ជោគជ័យ និងអស្ចារ្យរបស់ព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ។

សម្រាប់អ្នកក្លែងបន្លំឯកសារ ឬមានការផ្សព្វផ្សាយខុសពីគោលការណ៍របស់គណៈកម្មាធិការជាតិ CAMSOC នឹងត្រូវទទួលទោសយ៉ាងតឹងរឹង ចំពោះច្បាប់ជាធរមាន ៕