(មេនឆេស្ទើ)៖ នៅទីបំផុត មេឃខៀវ Manchester City បានក្លាយជាគូប្រជែងជើងឯកពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលនេះទល់នឹង Inter Milan បន្ទាប់ពីលេងឈ្នះ Real Madrid ៤ទល់នឹង០ បញ្ចប់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាយប់មិញនេះ។

កីឡាករ Bernado Silva រកបាន ២គ្រាប់ម្នាក់ឯងក្នុងវគ្គទី១ នៅមុនពេលមិត្តរួមក្រុម Akanji និង Alvarez បន្ថែមម្នាក់ ១គ្រាប់ផងដែរនៅចុងម៉ោងនៃវគ្គទី២ បន្ថែមលើគ្រាប់បានស្មើគ្នា ១-១ កាលពីជើងទី១ នៅទឹកដីអេស្ប៉ាញ ដែលធ្វើឲ្យពួកគេទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ ៥ទល់នឹង១ សរុបទាំង ២ជើងក្នុងកីឡដ្ឋាន Etihad។

នេះមានន័យថា ក្រុមកំពូលតារាង Premier League បានធ្វើការសងសឹកក្រុមការពារតំណែងជើងឯក Real Madrid បានសម្រេចវិញហើយ ក្រោយពេលរងបរាជ័យក្នុងវគ្គ ៤ក្រុមចំនួន ២លើកនាពេលកន្លងមក ក្នុងដំណើរឆ្ពោះទៅលើកពាន UCL លើកដំបូងផងដែរ ស្ថិតក្រោមការបង្វឹករបស់លោក Pep Guardiola។

មួយវិញទៀត Man City បានស្ថិតនៅលើទីតាំងដែលអាចក្លាយជាក្រុមរបស់អង់គ្លេសទី២ ក្នុងការឈ្នះពានដល់ទៅ៣ ក្នុងមួយរដូវកាល ដូចដែលបិសាចក្រហម Manchester United ធ្លាប់ធ្វើបានកាលពីឆ្នាំ១៩៩៩។

ជំនួបរវាងក្រុមមេឃខៀវ Manchester City ទល់នឹងក្រុម Inter Milan មកពី Serie A របស់អ៉ីតាលី ដែលនឹងធ្វើឡើងនៅទីក្រុង Istanbul ប្រទេសតួកគីនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងការប្រជែងជើងឯក UEFA Champions League 2022-2023៕