(រ៉ូម)៖ ប្រធានក្រុមក្លិបបាល់ទាត់ Juventus និងជាកីឡាករជម្រើសជាតិអ៊ីតាលី Leonardo Bonucci បានលើកឡើងថា លោកនឹងចូលនិវត្តន៍ ពីវិស័យបាល់ទាត់ នៅពេលចប់រដូវកាលក្រោយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ជើងឯក Serie A ចំនួន៨លើក ក្នុងពេលលេងនៅក្លិប Juventus និងបានបង្ហាញខ្លួនលើកទី៥០០ របស់លោក ក្នុងពេលប្រកួតទល់នឹងក្រុម Sevilla កាលពីសប្តាហ៍មុន។

លោកក៏បានបង្ហាញខ្លួន ១២០លើក លេងឲ្យក្រុមជម្រើសជាតិ និងជាផ្នែកមួយ នៃក្រុមអ៊ីតាលី ដែលបានយកឈ្នះអង់គ្លេស ដណ្តើមពានរង្វាន់ Euro 2020 កាលពីខែកក្កដា ឆ្នាំ២០២១។

Bonucci ដែលកិច្ចសន្យារបស់លោក ជាមួយក្លិប Juventus នឹងផុតកំណត់ នៅរដូវកាលក្រោយនោះ បានចាប់ផ្តើមអាជីពរបស់លោក នៅឯក្លិប Inter Milan ក្នុងឆ្នាំ២០០៥ ជាទីកន្លែងដែលលោកបានឈ្នះ ពានរង្វាន់ Serie A ជាលើកដំបូងរបស់លោក ក្នុងរដូវកាល២០០៥-០៦៕