(បរទេស)៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានប្រកាសពីការចូលរួមជាមួយក្រុមជម្រើសជាតិកាបុងវិញ ក្រោយមានសំណើពីប្រធានាធិបតី Ali Bongo Ondimba នាពេលថ្មីៗនេះរួចមក។
កីឡាករវ័យ ៣៣ឆ្នាំដែលកំពុងលេងឲ្យតោខៀវ Chelsea នោះបាននិយាយថា ការវិលចូលជម្រើសជាតិកាបុងវិញនេះ បន្ទាប់ពីមានការជួបប្រជុំមួយជាមួយប្រធានាធិបតីកាបុង លោក Ali Bongo Ondimba។
Aubameyang បានសរសេរបង្ហោះនៅលើ Instagram ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ខ្ញុំបានស្តាប់ពាក្យទូន្មានទាំងអស់របស់លោក ប្រៀបដូចជាឪពុក និងកូនអីចឹង។ កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានជួបដោយផ្ទាល់ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកាបុង។ ពេលនេះ ខ្ញុំនឹងលះបង់កម្លាំងកាយចិត្តទៅលើគម្រោងរបស់គ្រូបង្វឹក Patrice Neveu អស់ហើយ»។
នៅចាំបានថា វាមានរយៈពេល ១ឆ្នាំហើយដែល Aubameyang បានលាឈប់ពីជម្រើសជាតិកាបុង ក្នុងនាមជាកីឡាករស៊ុតច្រើនជាងគេផងដែរជាមួយ ២៨គ្រាប់ឲ្យកាបុង ពីការចូលលេងបាន ៦៨ប្រកួត។
តែយ៉ាងណា រូបគេទើបតែរកបាន ១គ្រាប់ប៉ុណ្ណោះក្នុង Premier League ឲ្យ Chelsea នារដូវកាលនេះ និងជាអ្នករកបានគ្រាប់បាល់ទាំងក្នុង និងក្រៅដីពេលប៉ះក្លិបដំបូងរបស់គេ AC Milan នៃវគ្គចែកពូល UEFA Champions League នៅមុនពេលតោខៀវមិនដាក់ចូលលេងទាល់តែសោះក្នុងវគ្គចាញ់-ធ្លាក់នោះ៕