(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា) បានប្រកាសថា ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company លើផលិតផលភេសជ្ជៈ ម៉ាក Dasani នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខលេខ ១៦១៤ ព.ណ កសប ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម។

តាមរយៈលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខដោយស្របច្បាប់ ក្នុងការនាំចូល និងចែកចាយផលិតផលដែលមានម៉ាកសញ្ញាខាងលើនៅទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះ។

តាមរយៈលិខិតនេះដដែល ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រោយរយៈពេល ៩០ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានសិទ្ធិក្នុងការប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការទៅតាមច្បាប់ ប្រសិនបើមានការបំពានសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន។ និយាយជារួម មានតែក្រុមហ៊ុនកូកា-កូឡា កម្ពុជា តែប៉ុណ្ណោះ ដែលមានសិទ្ធិនាំចូល និងចែកចាយភេសជ្ជៈរបស់ក្រុមហ៊ុន The Coca-Cola Company ដែលមានពាក់ម៉ាកខាងលើ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)៖ ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា-កូកា-កូឡា ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។

កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា ដែលជាក្រុមហ៊ុនដៃគូផលិត និងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5 លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ចិនដីគោក និងប៉ែកខាងលិចនៃសហរដ្ឋអាមេរិក។

ក្រុមហ៊ុនផលិតភេសជ្ជៈចំនួន 16 មុខ មាន 9ម៉ាកផលិតផល (9 Brands) ជាប្រភេទភេសជ្ជៈគ្មានជាតិស្រវឹង រួមមាន ភេសជ្ជៈមានជាតិហ្គាស(Sparkling) តែ(Tea) ភេសជ្ជៈប៉ូវកំលាំង(Energy Drinks) ទឹក(Water) និងភេសជ្ជៈបំពេញជាតិទឹក (Isotonic) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងប្រទេសព្រះរាជាណាចក្រកម្ពុជា។

កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង 830នាក់កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង 8,000នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។ ក្រុមហ៊ុនពិតជាមានមោទនភាព ដែលមានបុគ្គលិកជាជនជាតិខ្មែរលើសពី 99.7% ដែលក្នុងនោះ ស្ត្រី 31% ហើយស្ត្រីកាន់តួនាទីក្នុងគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនមានរហូតដល់ទៅ37% ។ ក្រុមហ៊ុន ប្តេជ្ញានឹងលើកកម្ពស់ស្ត្រី ដើម្បីសម្រេចឱ្យបានចំនួនបុគ្គលិកជាស្ត្រី 50% នៅត្រឹមឆ្នាំ 2030។ រាល់សកម្មភាពរបស់ក្រុមហ៊ុន តែងតែផ្សារភ្ជាប់ជាមួយគោលដៅចីរភាពជានិច្ច។

នៅឆ្នាំ 2030 យើងមានគោលដៅប្រមូលកែច្នៃដបប្លាស្ទិក ឬកំប៉ុងឱ្យបាន 100% ស្មើនឹងចំនួនសំបកវេចខ្ចប់ផលិតផលដែលបានលក់ចេញ និងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញឱ្យបាន 50% នៃសំបកវេចខ្ចប់ផលិតផលរបស់យើង។

យើងប្តេជ្ញារក្សាភាពស្រស់បំព្រងនៃធម្មជាតិ និងផ្តល់ជូនសហគមន៍វិញនូវទឹកដែលយើងបានប្រើប្រាស់ក្នុងភេសជ្ជៈ និងក្នុងសង្វាក់ផលិតកម្ម ឱ្យបាន 100%+ ។ យើងកំពុងបំពេញបេសកកម្មផ្តល់ និងរក្សាធនធានទឹក នៅគ្រប់ទីកន្លែងដែលយើងធ្វើអាជីវកម្ម ពោលគឺទីតាំងផលិតធាតុផ្សំ និងទីតាំងទាំងឡាយណាដែលជាផ្នែកពាក់ព័ន្ធនៃអាជីវកម្មរបស់យើង។

សម្រាប់ព័ត៌មានបន្ថែម សូមចូលលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd។ សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល [email protected]