(សៀមរាប)៖ អ្នកជំនាញបុរាណវិទ្យាបានបន្តរកឃើញបុរាណវត្ថុ ឬសមុច្ច័យច្រើនបន្ថែមទៀត ដែលបានពីការធ្វើកំណាយនៅតំបន់ភ្នំគូលែន និងតំបន់អង្គរ ហើយក៏កំពុងតាំងពិព័រណ៍ជូនភ្ញៀវទស្សនានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ខេត្តសៀមរាប រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៨-២៨ ខែឧសភា ឆ្នាំ២០២៣។
ពិព័រណ៍នេះនឹងរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និងទើបរកឃើញពីកំណាយស្រាវជ្រាវនៅតំបន់រមណីយដ្ឋានអង្គរ រួមនឹងកុលាលភាជន៍ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណតំបន់ភ្នំគូលែន។
សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍ខាងលើនេះចែកជា៣ប្រភេទ ក្នុងនោះវត្ថុដែលធ្វើពីដីឥដ្ឋមាន លោហធាតុ សំរឹទ្ធ ស្ពាន់ ដែកសំណរ សមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរមានសុទិដ្ឋិនិយមថា ពិព័រណ៍ខាងលើនេះនឹងផ្តល់ព័ត៌មានថ្មីៗស្ដីពីវឌ្ឍនភាព និងភាពរីកចម្រើនក្នុងវិស័យស្រាវជ្រាវ និងកំណាយតាមបែបបុរាណវិទ្យាក្នុងតំបន់ការពារបេតិកភណ្ឌរមណីយដ្ឋានអង្គរ។
សាធារណជនក៏អាចស្វែងយល់បន្ថែមពីការងារថែទាំ និងជួសជុលវត្ថុបុរាណ ក្រោយពេលបញ្ចប់ការងារស្រាវជ្រាវពីការដ្ឋានកំណាយផងដែរ។
សូមបញ្ជាក់ថា ពិព័រណ៍ខាងលើនេះធ្វើឡើងដើម្បីអបអរទិវាសារមន្ទីរអន្ដរជាតិថ្ងៃទី១៨ ខែឧសភា។ ក្នុងថ្ងៃទី១៨នោះដែរ ភ្ញៀវទេសចរជាតិ/អន្ដរជាតិអាចចូលទស្សនាបានដោយឥតគិតថ្លៃ៕