(ភ្នំពេញ)៖ ធនាគារ វឌ្ឍនៈ បានបន្តពង្រីកសាខារបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដោយបើកដំណើរការសាខាទី ៣៥ គឺសាខាព្រះមុនីវង្ស​ ដែលពិធីកាត់ខ្សែបូជាសម្ពោធជាផ្លូវការ រួមជាមួយនឹងការដាក់បង្ហាញស្លាកសញ្ញាសាខានេះ មានការចូលរួមពីសំណាក់ អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វឌ្ឍនៈ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ នៃធនាគារ វឌ្ឍនៈ លោក Anthony Chin អគ្គនាយកប្រតិបត្តិ និងគណៈគ្រប់គ្រងជាច្រើនរូបទៀត។

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះក៏មានការចូលរួមពី តំណាងពីធនាគារជាតិនៃកម្ពុជា លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ អ្នកឧកញ៉ា លី យ៉ុងផាត់ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និង លោកជំទាវ ហ៊ុល កញ្ញា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតចូលរួមអបអរសាទរពិធីនេះផងដែរ។

សាខា ព្រះមុនីវង្ស មានការរចនាសោភ័ណភាពថ្មី ទាន់សម័យ រឹងមាំ និងគួរអោយទាក់ទាញ ដែលបានផ្តល់បទពិសោធន៏ថ្មី ល្អប្រសើរជាងមុនមួយកំរិតទៀតសំរាប់អតិថិជន ដែលអញ្ជើញមកកាន់សាខានេះ ក្នុងការប្រើប្រាស់ប្រព័ន្ធតំរង់ជួរដើម្បីចុចលេខរង់ចាំ ដោយគ្រាន់តែស្កេន QR នឹងទទួលបានលេខរង់ចាំនៅលើទូរស័ព្ទដៃរបស់អតិថិជន។ សាខានេះនឹងពង្រីកនូវសក្កានុពលរបស់ខ្លួន ក្នុងការបំពេញតម្រូវការអតិថិជនយ៉ាងទូលំទូលាយ ជាពិសេសនៅមហាវិថី ព្រះមុនីវង្ស ដែលជាតំបន់អាជីវកម្មដ៏មមាញឹក ។

ធនាគារ វឌ្ឍនៈ សាខាព្រះមុនីវង្សមានទីតាំងនៅជាន់ផ្ទាល់ដី និងជាន់ទី១នៃអគារស្តង់ដារដែលមានកម្ពស់១0ជាន់ បានផ្តល់ជូននូវផលិតផល និងសេវាកម្មផ្នែកធនាគាររូបវន្តបុគ្គលនិងពាណិជ្ជកម្ម ដ៏ពេញលេញ និងសម្បូរបែបដែលមានដូចជា សេវាប្រាក់បញ្ញើ សេវាឥណទាន សេវាផ្ទេរប្រាក់ សេវាកម្មពាណិជ្ជកម្ម អេធីអឹម កាត សេវាធនាគារឌីជីថល និងសេវាហិរញ្ញវត្ថុជាច្រើនទៀត។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក Anthony Chin អគ្គនាយកប្រតិបត្តិ នៃធនាគារ វឌ្ឍនៈបានមានប្រសាសន៍ថា «សាខាព្រះមុនីវង្សត្រូវបានររចនា និងកំណែប្រែថ្មីសម្រាប់ជាគំរូដល់សាខាផ្សេងៗទៀតរបស់យើង ដែលនឹងបើកនាពេលខាងមុខ។ គោលគំនិតសំខាន់ គឺផ្តោតលើ ប្រណិតភាព ភាពរឹងមាំ និងភាពជឿនលឿន ស្របតាមចក្ខុវិស័យថ្មីរបស់ធនាគារ វឌ្ឍនៈ»

លោកបន្ដថា «បច្ចុប្បន្ននេះ យើងមានសាខាចំនួន ៣៥ គ្របដណ្តប់លើ ២០ ខេត្តក្រុងរួចមកហើយ។ នៅក្នុងឆ្នាំនេះ យើងគ្រោងនឹងបើកសាខាចំនួន ៧បន្ថែមទៀត ដែលនឹងធ្វើឱ្យចំនួនសាខាសរុបក្នុងឆ្នាំ២០២៣ មានចំនួន ៤២សាខា។ មិនត្រឹមតែប៉ុណ្ណោះ នៅឆ្នាំក្រោយ យើងនឹងបើកសាខាចំនួន ១១បន្ថែមទៀត ដែលនឹងធ្វើឱ្យសាខាសរុបមានចំនួន ៥៣សាខា នៅត្រឹមឆ្នាំ២០២៤ ទូទាំងខេត្តក្រុង»

គួរបញ្ជាក់ថា ការកើនឡើងយ៉ាងឆាប់រហ័សនៃការបើកសាខានេះ នឹងផ្តល់នូវភាពងាយស្រួលយ៉ាងច្រើនដល់អតិថិជនដែលមានស្រាប់ និងនាពេលអនាគត នៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៤០។ លើសពីនោះ ធនាគារនឹងបន្តពង្រីកសេវាកម្ម ដើម្បីបង្កើនការរួមបញ្ជូលផ្នែកហិរញ្ញវត្ថុ ក្នុងការផ្តល់ចំនេះដឹងបន្ថែមទៀតផ្នែកធនាគារដល់អតិថិជន។

លោកបន្ដថា «នៅធនាគារ វឌ្ឍនៈ យើងផ្តោតសំខាន់លើការរួមបញ្ចូលគ្នានៃធនាគារនៅតាមសាខា និងឌីជីថលូបនីយកម្ម។ វិធីសាស្រ្តនេះអាចឱ្យអតិថិជនរបស់យើង អាចទំនាក់ទំនងមកកាន់យើង តាមរយៈបណ្តាញផ្សេងៗគ្នា មិនថាតាមសាខា ឬវេទិកាឌីជីថល។ បណ្តាញទំនាក់ទំនងទាំងពីរនេះ នឹងបំពេញតម្រូវការផ្សេងគ្នាសម្រាប់ផ្នែកអតិថិជនរបស់យើង»

ធនាគារ វឌ្ឍនៈ សាខាព្រះមុនីវង្សមានទីតាំងនៅ អគារលេខ ៤២៦ មហាវិថីព្រះមុនីវង្ស ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អតិថិជនអាចមកកាន់សាខាសម្រាប់តម្រូវការធនាគារ និងស្វែងយល់បន្ថែមអំពីសេវាកម្មរបស់ធនាគារ។ ក្រៅពីនេះ អតិថិជនអាចចូលទៅកាន់គេហទំព័រ www.vattanacbank.com សម្រាប់ព័ត៌មានបន្ថែម ឬសូមទាក់ទងមកកាន់ទូរស័ព្ទលេខ៖ ០២៣ ៩៩៩ ៩០០ សម្រាប់សេវាកម្ម ២៤ម៉ោង ជារៀងរាល់ថ្ងៃ៕