(បរទេស)៖ V សមាជិកក្រុម BTS ត្រៀមនឹងចូលរួមមហោស្រពភាពយន្តទីក្រុង Cannes លើកទី៧៦ បន្ទាប់ពីបង្ហោះរូបថតនៃការអញ្ជើញ ដើម្បីចូលរួមព្រឹត្តិការណ៍នេះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈ Jennie សមាជិកក្រុម BLACKPINK ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីនេះដូចគ្នាដែរ។ ជាមួយគ្នានេះ ស្រាប់តែមានពាក្យចចាមអារ៉ាមជុំវិញការណាត់ជួបគ្នា របស់តារាល្បីទាំងពីរ និងមានសំណួរដ៏ក្ដៅគគុកចោទសួរថា តើ V និង Jennie អាចធ្វើដំណើរទៅទីក្រុង Cannes ជាមួយគ្នា ក្នុងនាមជាគូស្នេហ៍ឬអត់?

នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ V ដែលបង្ហោះនៅថ្ងៃទី២២ ខែឧសភា បានបង្ហាញពីលិខិតអញ្ជើញ តារារូបនេះ សម្រាប់ការដើរលើកម្រាលព្រំក្រហម នៅមហោស្រពភាពយន្តទីក្រុងកាន ខណៈលិខិតអញ្ជើញនេះ លោកទទួលបានពី Celine ដែលជាម៉ូដល្បីរបស់បារាំង ដែលលោកកំពុងបម្រើការ ជាឯកអគ្គរដ្ឋទូតប្រចាំម៉ាកនេះផ្ទាល់។ នៅថ្ងៃដដែលនោះ គេមើលឃើញ V នៅឯអាកាសយានដ្ឋាន Nice ក្នុងប្រទេសបារាំងទេ ស្របពេលដែល Jennie នៃក្រុម BLACKPINK ក៏នឹងដើរលើកម្រាលព្រំក្រហមនៅឯមហោស្រពភាពយន្ត Cannes លើកទី៧៦ ផងដែរ។ តារាស្រីរូបនេះ បានសម្តែងនៅក្នុងរឿងភាគរបស់ HBO «The Idol» ដែលហេតុនេះ ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងផ្នែកដែលមិនប្រកួតប្រជែងឡើយ។

គួរជម្រាបថា ថ្មីៗនេះ V និង Jennie ត្រូវបានគេប្រទះឃើញនៅទីក្រុងប៉ារីស ដែលកំពុងតែរីករាយជាមួយក្រុមហ៊ុនរបស់ពួកគេរៀងៗខ្លួន បន្ទាប់ពីអ្នកទាំងពីរត្រូវបានគេឃើញ នៅជាមួយគ្នានៅលើកោះ Jeju កាលពីខែឧសភាឆ្នាំមុន។ ទោះជាយ៉ាងណា ទីភ្នាក់ងាររបស់តារាល្បីទាំងពីរ មិនបានចេញសេចក្តីថ្លែងការណ៍ផ្លូវការ ដើម្បីបញ្ជាក់ ឬបដិសេធពាក្យចចាមអារ៉ាមនៃណាត់ជួបគ្នា រវាងតារាទាំងពីរនេះឡើយ៕