(មេនឆេស្ទើ)៖ លោក Pep Guardiola អ្នកចាត់ការទូទៅនៃក្លិបបាល់ទាត់ Manchester City បានស្នើលីគកំពូលអង់គ្លេស Premier League មានការបន្ធូបន្ថយពីច្បាប់ចាយវាយទិញ-ដូរកីឡាករឆាប់ៗនេះតាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមគេហទំព័រ BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

លើសពីនេះទៀត បុរសសញ្ជាតិអេស្ប៉ាញខាងលើ ក៏បានទទូចសុំឲ្យ Premier League ដកបម្រាមពីការរឹតត្បឹតចាយលុយរបស់ City ដែរ។

នៅចាំបានថា កាលខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅក្លិបមេឃខៀវ Man City ត្រូវបានរឹតបន្តឹងពីការចាយវាយរបស់ខ្លួន ក្រោយពេលរកឃើញថាបានល្មើសទៅនឹងច្បាប់ចាយលុយក្នុងលីគចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ បូករួមទាំងជាប់បម្រាម ២ឆ្នាំពីសហព័ន្ធ UEFA និងពិន័យជាប្រាក់មួយចំនួនទៀតផង។

ថ្លែងក្នុងសន្និសីទ មុនការប្រកួតទល់នឹងម្ចាស់ផ្ទះ Brighton នៅរាត្រីថ្ងៃពុធនេះ លោក Pep បានឲ្យដឹងថា «អ្វីដែលខ្ញុំចង់បាននៅពេលនេះ គឺសុំឲ្យ Premier League មានការបន្ធូបន្ថយចំពោះក្លិបតាមដែលអាចធ្វើទៅបានឆាប់ៗនេះ។ ក្រោយមក ប្រសិនបើយើងនៅតែបន្តធ្វើខុសទៀត គ្រប់គ្នានឹងដឹង ហើយលែងនិយាយពីវាទៀតហើយ។ ពួកយើងនឹងរីករាយនៅថ្ងៃស្អែក ដោយផ្តើមចេញពីថ្ងៃនេះ»

លោក Pep ដែលមកពីតំបន់ Catalan នៃប្រទេសអេស្ប៉ាញនោះ មានកិច្ចសន្យាជាមួយ City ដល់ឆ្នាំ២០២៥ ហើយថា រូបលោកនឹងមិនចុះចេញពីតំណែងរបស់លោកឡើយ ដរាបណាកិច្ចសន្យាមិនទាន់ផុតកំណត់។

រូបលោកបានដឹកនាំក្លិបដែលមានម្ចាស់ជាមហាសេដ្ឋីអារ៉ាប់ ឈ្នះជើងឯក Premier League លើកទី៥ នារដូវកាលនវ ក្នុងចំណោម ៦រដូវកាលរបស់លោកនៅកីឡដ្ឋាន Etihad និងឈ្នះធំនេះ ៣ឆ្នាំចុងក្រោយជាប់ៗគ្នាផងដែរ ដ្បិតកំពុងស្ថិតលើផ្លូវឈ្នះពាន ២ផ្សេងទៀតរួមមាន FA Cup ទល់នឹង Manchester United និងពានអឺរ៉ុប UEFA Champions League ដោយត្រូវប៉ះ Inter Milan ថែមទៀតផង៕