(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង SentBe Inc ដើម្បីផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ។

កិច្ចសហការនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាដែលកំពុងប្រកបការងារ និងរស់នៅប្រទេសកូរ៉េខាងត្បូង ដោយផ្តល់ជាមធ្យោបាយផ្ញើប្រាក់ត្រលប់មកស្រុកកំណើត ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវា សមរម្យ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានរៀបចំធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SentBe ក្នុងទីក្រុងសេអ៊ូល រដ្ឋធានីកូរ៉េខាងត្បូង ដោយមានការចូលរួមចុះហត្ថលេខារវាង លោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង និងលោក Alex Seong-Ouk Choi នាយកប្រតិបត្តិក្រុមហ៊ុន SentBe ក្នុងការប្រកាសជាផ្លូវការនូវ ភាពជាដៃគូសហការរវាងស្ថាប័នទាំងពីរ។

ចាប់ពីពេលនេះ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអាចធ្វើការផ្ទេរប្រាក់យ៉ាងងាយស្រួល ដោយគ្រាន់តែផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយផ្ទាល់ ហើយអាចពិនិត្យទឹកប្រាក់នោះបានភ្លាមៗតាមកម្មវិធី Wing Bank App នៅលើស្មាតហ្វូន។ ម្យ៉ាងវិញទៀត អតិថិជនអាចផ្ញើប្រាក់មកសមាជិកគ្រួសារ តាមរយៈការដកសាច់ប្រាក់ ដែលមធ្យោបាយនេះ សមាជិកគ្រួសារនៅស្រុកកំណើតនឹងទទួលបានលេខកូដសម្ងាត់ ៨ខ្ទង់ ហើយអាចប្រើប្រាស់លេខកូដនោះ ដើម្បីដកសាច់ប្រាក់ជារៀល ឬដុល្លារជាមួយបណ្តាញវីងនៅទូទាំងប្រទេសកម្ពុជា។

លោក ឈុន វឌ្ឍនៈភក្តី បានថ្លែងថា «យើងមានសេចក្តីរីករាយ ដែលបានសហការជាមួយក្រុមហ៊ុន SentBe។ យើងជឿជាក់ថាកិច្ចសហការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាជាច្រើន ដែលរស់នៅប្រទេសកូរ៉េខាងត្បូង ដែលមានតម្រូវការផ្ញើប្រាក់ ដោយធានាបាននូវ សុវត្ថិភាព និងដំណើការលឿនរហ័ស»

យោងតាមតួលេខរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថា មានប្រជាជនកម្ពុជាប្រមាណ ៤៦,០០០នាក់ កំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង ដែលមាន ២៣ ភាគរយ ជាស្ត្រី។ ជារៀងរាល់ឆ្នាំ ពួកគេបានផ្ញើប្រាក់ប្រមាណ ៥០០ លានដុល្លារអាមេរិក ទៅគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។

លោក ឈុន វឌ្ឍនៈភក្តី បានបន្តថា «ដោយមើលឃើញពីការលះបង់ និងការខិតខំប្រឹងប្រែង ក្នុងការរកប្រាក់ចំណូលរបស់បងប្អូនខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូង យើងប្តេជ្ញាដើម្បីប្រាកដថា ប្រាក់ដែលពួកគេរកបានទាំងលំបាក អាចផ្ញើទៅស្រុកកំណើតយ៉ាងងាយស្រួល និងសុវត្ថិភាព ដែលសមាជិកគ្រួរសាររបស់ពួកគេ ទទួលប្រាក់ដែលបានផ្ញើនោះតាម រយៈកម្មវិធី Wing Bank App និងបណ្តាញវីងនៅទូទាំងប្រទេសកម្ពុជា»

ដើម្បីអបអរសាទរនៃកិច្ចសហការនេះ អ្នកប្រើប្រាស់គណនីជាមួយ SentBe ទាំងអស់ នឹងទទួលបានការផ្តល់ការជូនពិសេស ដែលអាចរីករាយជាមួយប្រតិបត្តិការផ្ទេរប្រាក់ឥតគិតថ្លៃចំនួនពីរដង។

លោក Alex Seong-Ouk Choi នាយកប្រតិបត្តិក្រុមហ៊ុន SentBe បានលើកឡើងថា SentBe គឺជាក្រុមហ៊ុនផ្តល់សេវាប្តូរប្រាក់បរទេស ដោយប្រតិបត្តិការ តាមអនុលោមភាពផ្នែកច្បាប់របស់ក្រុមហ៊ុន ដើម្បីធានាបាននូវទំនុកចិត្តទៅដល់អតិថិជនជារូបវន្តបុគ្គល និងអាជីវកម្មនានា ក្នុងការប្រើប្រាស់សេវាផ្ទេរប្រាក់ និងការទូទាត់ជាអន្តរជាតិ។

លោក Alex Seong-Ouk Choi ថ្លែងថា «ចក្ខុវិស័យរបស់ធនាគារ វីង ដែលមានគោលបំណងផ្តល់សេវាហិរញ្ញវត្ថុស្មើភាពទៅដល់មនុស្សគ្រប់គ្នា នោះគឺស្របទៅនឹងទិសដៅសាជីវកម្មរបស់ក្រុមហ៊ុន SentBe យ៉ាងដូច្នេះដែរ។ យើងរំពឹងថា នេះគឺជាកិច្ចសហការដ៏មានសក្តានុពល  ដោយរួមបញ្ចូលគ្នារវាងចំណុចខ្លាំងរបស់ SentBe  និងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំរបស់ធនាគារ វីង»

ក្រុមហ៊ុន FX TOTAL SOLUTIONS PVT LTD ឬ SentBe បង្កើតឡើងក្នុងឆ្នាំ ២០១៥ ជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុលំដាប់ពិភពលោក ដែលមានជំនាញក្នុងការផ្តល់សេវាប្តូរប្រាក់បរទេស។ ក្រុមហ៊ុននេះ បានផ្តល់តម្លៃសេវាទាប ដំណើរការលឿនរហ័ស និងងាយស្រួល ដែលធ្វើឲ្យ SentBe ក្លាយជាក្រុមហ៊ុនឈានមុខគេមួយលើការផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ។

ក្រុមហ៊ុន SentBe ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនដូចជា ការប្រើប្រាស់សេវាកម្មរវាងអតិថិជន និងអតិថិជន និងការប្រើសេវារវាងអាជីវកម្ម និងអាជីវកម្ម។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ដោយរួមចំណែកដោះស្រាយបញ្ហាហិរញ្ញវត្ថុ ឲ្យកាន់តែងាយស្រួលទៅដល់ពលករចំណាកស្រុក និងបញ្ហាហិរញ្ញវត្ថុដែលជួយសម្រួលទៅដល់ដំណើរការអាជីវកម្មនានា។

ធនាគារ វីង គឺជាធនាគារពាណិជ្ជមួយកំពុងរីកលូតលាស់ យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ជាមួយនឹង សាខាធនាគារបើកដំណើរការនៅតាមទីតាំងយុទ្ធសាស្ត្រ ដែលបំពាក់ដោយម៉ាស៊ីន ATM សម្រាប់ដំណើការដកប្រាក់ដោយឥតគិតថ្លៃ។ ការិយាល័យសាខាបន្ថែមទៀតនឹងបើកដំណើការក្នុងឆ្នាំ ២០២៣នេះ។

កិច្ចសហការវាងស្ថាប័នទាំងពីរ បានបង្ហាញពីការចែករំលែកចក្ខុវិស័យរួមគ្នា ក្នុងទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈសេវាផ្ទេរប្រាក់ឆ្លងដែន ដែលផ្តល់លទ្ធភាពទៅដល់អ្នកប្រើប្រាស់ទទួលបាន សេវាហិរញ្ញវត្ថុកាន់តែច្រើន។ ស្ថាប័នទាំងពីរបានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការរក្សាឲ្យបាននូវស្តង់ដារខ្ពស់បំផុត នៃគុណភាពសេវាកម្ម ដើម្បីធានាបាននូវបទពិសោធន៍នៃការផ្ញើប្រាក់ ដែលអាចទុកចិត្តបាន ទៅដល់អ្នកប្រើប្រាស់៕