(បាសេឡូណា)៖ អាជីពនៅឯក្លិប FC Barcelona របស់កីឡាករ Jordi Alba នឹងឈានដល់ទីបញ្ចប់ នៅពេលចប់រដូវកាលនេះ បន្ទាប់ពីក្លិបលេងនៅលីគ La Liga បានប្រកាសពីការព្រមព្រៀង ក្នុងការបញ្ចប់កិច្ចសន្យារបស់លោក។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

កីឡាករវ័យ ៣៤ឆ្នាំ​ ដែលកិច្ចសន្យានាពេលបច្ចុប្បន្នរបស់លោក នឹងផុតកំណត់នៅពេលចប់រដូវកាល២០២៣-២៤ បានបង្ហាញខ្លួន៤៥៨លើក សម្រាប់ក្លិប និងបានឈ្នះពានរង្វាន់ធំៗចំនួន ១៩លើក ចាប់តាំងពីបានបង្ហាញខ្លួនផ្លូវការជាលើកដំបូង ក្នុងពេលប៉ះក្រុម Real Sociedad ក្នុងឆ្នាំ២០១២។

Alba បានចាប់កំណើតនៅទីក្រុង Barcelona ហើយបានចូលរួមជាមួយក្រុមយុវជនរបស់ក្លិប មុនពេលចាកចេញក្នុងឆ្នាំ២០០៥។

លោកបានផ្ទេរទៅកាន់ក្លិបក្នុងស្រុក Valencia ដោយបានលេងក្នុងជម្រើសដំបូង មុនពេលក្លិប Barcelona នាំយកលោកត្រឡប់មកវិញ ទៅកាន់កីឡដ្ឋាន Nou Camp វិញក្នុងឆ្នាំ២០១២៕