(រ៉ូម)៖ ក្រុមបាល់ទាត់ Inter Milan បានបន្តការពារតំណែងជើងឯកពាន Coppa Italia បានសម្រេច នៅក្រោយពេលវាយបកឈ្នះគូប្រជែង Fiorentina ក្នុងលទ្ធផល ២ទល់នឹង១ នៃវគ្គផ្តាច់ព្រ័ត្រនៅរាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

នេះជាការឈ្នះពានលំដាប់ទី២ Coppa Italia របស់អ៉ីតាលី ២រដូវកាលជាប់ៗគ្នាផងដែរ ក្នុងនាមជាក្រុមគ្រងតំណែងជើងឯកបានចំនួន ៩ដងស្មើទៅនឹង Roma ផងដែរ ដ្បិតសេះបង្កង់ Juventus ឈ្នះពានមានជារៀងរាល់ឆ្នាំនេះចំនួន ១៤លើកច្រើនជាងគេ។

ក្នុងប្រកួត ៩០នាទីពេញនៅកីឡដ្ឋានជាតិអ៉ីតាលី Stadio Olimpico ខ្សែប្រយុទ្ធកំពុងឡើងជើង Lautaro Martinez ជាអ្នករកបាន ២គ្រាប់ជ័យជម្នះតែម្តងនៅចុងវគ្គទី១ ពោលក្រោយពេល Nico Gonzales ធ្វើបានគ្រាប់នាំមុខត្រឹមចាប់ផ្តើមលេងបាន ៣នាទីប៉ុណ្ណោះឲ្យក្រុម Fiorentina។

យ៉ាងណា វាក៏ជាគ្រាប់បាល់ទី៤ ក្នុងចំណោម ៤ប្រកួតចុងក្រោយគ្រប់កម្មវិធីប្រកួតរបស់ Martinez ផងដែរ ស្របពេលសមាជិកលេងនៅ Serie A ដូចគ្នា Fiorentina ត្រូវប៉ះ West Ham United ក្នុងការដណ្តើមជើងឯក UEFA Conference League នាថ្ងៃទី០៧ ខែមិថុនា គ្រាដែល Inter Milan ត្រូវប៉ះក្រុមអង់គ្លេស Manchester City នៅពានអឺរ៉ុប UEFA Champions League នាថ្ងៃទី១០ នៃខែដូចគ្នា៕