(អាំស្ទើដាំ)៖ លោក Ruud van Nistelrooy បានលាឈប់ភ្លាមៗពីតំណែងគ្រូបង្វឹកនៃក្លិបបាល់ទាត់ PSV Eindhoven ក្រោយពេលទទួលរងនូវផលប៉ះពាល់ ដោយសារខ្វះការគាំទ្រពីក្លិបតែម្តងសម្រាប់គម្រោងថ្មីនារដូវកាលក្រោយ។

នៅក្នុងសេចក្តីការណ៍របស់ PSV ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះថា «លោក Ruud van Nistelrooy បានលាឈប់ភ្លាមៗ ក្រោយមិនទទួលបានគាំទ្រពីំសំណាក់ក្លិបរួចមក នៅមុនពេលប្រជុំពិភាក្សាអំពីអនាគតក្លិបនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ»។

ក្លិបដែលកំពុងឈរនៅលេខរៀងទី២ ក្នុងលីគកំពូលហូឡង់ Eredivisie នារដូវកាលនេះក៏បានបញ្ជាក់បន្ថែមផងថា ពួកគេពិតជាមានការសោកស្តាយខ្លាំងចំពោះការសម្រេចចិត្តដ៏លឿនបែបនេះរបស់លោក Van Nistelrooy។

លោក Ruud van Nistelrooy បានដឹកនាំ PSV Eindhoven ឈ្នះពានបាន ២ផងដែររួមមាន Dutch Cup និង Dutch Super League ក្រោយចូលកាន់តំណែងជាគ្រូបង្វឹកនាខែមីនា ឆ្នាំ២០២២ រួចមក។

គ្រូជំនួយ Fred Rutten នឹងចូលកាន់តំណែងរបស់ Van Nistelrooy ជាបណ្តោះអាសន្ន នៅពេល PSV ចាញ់ដាច់ ១០ពិន្ទុពីក្រុមជើងឯករដូវកាលនេះ Feyenoord និងនាំមុខ ៣ពិន្ទុផងដែរពីក្រុមលេខ៣ Ajax ដែលមិនត្រូវការចាញ់ AZ Alkmaar នាចុងសប្តាហ៍នេះទេ ក្នុងការធានាកៅអីលេងវគ្គជម្រុះពាន UEFA Champions League សម្រាប់រដូវកាលក្រោយ៕