(បរទេស)៖ J-Hope សមាជិកក្រុម K-pop BTS បាននិយាយនៅថ្ងៃថ្ងៃពុធសប្តាហ៍នេះថា លោកបានបញ្ចប់ការហ្វឹកហ្វឺនជាមូលដ្ឋានចំនួន៥សប្តាហ៍ ដែលជាផ្នែកមួយនៃការបំពេញកាតព្វកិច្ចយោធារបស់ខ្លួន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Korea Times នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

តារាចម្រៀងដែលមានជំនាញរាំ និងរ៉េបរូបនេះ បានបង្ហោះនៅលើវេទិកាសហគមន៍អ្នកគាំទ្រ K-pop របស់ខ្លួន គឺ Weverse ដោយចែករំលែករូបថតពីរសន្លឹក ក្នុងឯកសណ្ឋានយោធា។ ភ្ជាប់ជាមួយរូបភាព តារារូបនេះ បានសរសេរថា «សំបុត្រ និងពាក្យលើកទឹកចិត្តរបស់អ្នក គឺជាជំនួយដ៏អស្ចារ្យក្នុងការខិតខំប្រឹងប្រែងរបស់ខ្ញុំ ក្នុងការហ្វឹកហ្វឺន»។

តារារូបនេះ បន្តថា «ខ្ញុំនឹងបន្តខិតខំប្រឹងប្រែង ក្នុងអំឡុងពេលដែលនៅសល់ នៃការបម្រើយោធារបស់ខ្ញុំ។ ទាំងអស់សម្រាប់អ្នក»។

គួរជម្រាបថា កាលពីខែមេសា J-Hope បានចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា នៅជំរុំកងទ័ពនៅខេត្ត Gangwon ហើយក្លាយជាសមាជិក BTS ទីពីរ ដែលបានចូលបម្រើយោធា បន្ទាប់ពីសមាជិកវ័យច្រើនជាងគេ គឺ Jin៕