(បរទេស)៖ កម្មវិធីបញ្ញាសិប្បនិម្មិត (AI) ChatGPT ដែលត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន OpenAI ប្រកាសពីទំនួសខុសត្រូវរបស់ខ្លួនពាក់ព័ន្ធនឹងសុវត្ថិភាពអ្នកប្រើប្រាស់សហភាពអឺរ៉ុប ប្រសិនបើគេអនុវត្តតាមច្បាប់អឺរ៉ុបមិនបានទេ នឹងចាកចេញពីទីផ្សារប្រទេសនេះដោយខ្លួនឯង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោករួមទាំងក្បាលម៉ាស៊ីនធំៗនៅក្រុមហ៊ុនផលិត ChatGPT អាចនឹងជ្រើសជំរើសពិចារណាចាកចេញពីអឺរ៉ុប ប្រសិនបើខ្លួនមិនអាចអនុវត្តតាមបទប្បញ្ញត្តិបញ្ញាបិប្បនិម្មិត (AI) នាពេលខាងមុខដោយសហភាពអឺរ៉ុប។

ក្រោយមានការអំពាវនាវឱ្យផ្អាកដំណើរការ ChatGPT ក្រោមហេតុផលប៉ះពាល់ដល់សង្គម និងមនុស្សជាតិ សហភាពអឺរ៉ុបមិនបាននៅស្ងៀមទេ ដោយពេលថ្មីៗនេះទទួលបានរបាយការណ៍មកថា អឺរ៉ុបកំពុងធ្វើការលើអ្វីដែលអាចជាបទប្បញ្ញត្តិដំបូងជាសកលដើម្បីគ្រប់គ្រងលើប្រតិបត្តិការ AI ដើម្បីទប់ស្កាត់លំហូរទិន្នន័យមិនពិត។ ជាផ្នែកនៃសេចក្តីព្រាងច្បាប់រាល់ក្រុមហ៊ុនដែលផលិតដំណើរការ AI ដូចជា ChatGPT ជាដើមត្រូវតែបង្ហាញនូវសម្ភារៈរក្សាសិទ្ធិណាមួយដែលប្រើដើម្បីសម្គាល់ និងអភិវឌ្ឍន៍ប្រព័ន្ធ (System) របស់ពួកគេ។

យោងតាម CEO ក្រុមហ៊ុន OpenAI លោក Altman បានសង្កត់ធ្ងន់ថា «មុនពេលដែល OpenAI ធ្វើមិនកើតនិងពិចារណាចេញពីអឺរ៉ុប នឹងព្យាយាមអនុវត្តតាមបទប្បញ្ញត្តិនៅអឺរ៉ុបឱ្យអស់លទ្ធភាពជាមុនសិន ទើបយើងសម្រេចចាកចេញ»៕