(បរទេស)៖ ទីបំផុតក្រុមហ៊ុន Neuralink របស់កំពូលមហាសេដ្ឋីលោក Elon Musk ទទួលបានការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិកក្នុងការយកបន្ទះឈីបដាក់ចូលក្នុងខួរក្បារមនុស្សជាលើកដំបូងដើម្បីចាប់ផ្តើមធ្វើការស្រាវជ្រាវ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

Neuralink ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Elon Musk និងត្រូវបានបង្កើតឡើងក្នុងគោលដៅស្រាវជ្រាវរកវិធីដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់មនុស្សដើម្បីអាចព្យាបាលជម្ងឺជាច្រើនប្រភេទរួមមាន ខ្វិន, ពិការភ្នែក, បាត់បង់ការចងចាំ, អូទីស្សឹម, ជំងឺធ្លាក់ទឹកចិត្ត, ជំងឺវិកលចរិក, ជំងឺសសៃប្រសាទ និងជំងឺជាច្រើនប្រភេទទៀត អាចវិលមករកសភាពដូចមនុស្សធម្មតាវិញ។

យោងតាមរបាយការណ៍ពីប្រភពដដែលបានឱ្យដឹងថា Neuralink បានចាប់ផ្តើមដាក់បន្ទះឈីបពិសោធន៍ទៅលើសត្វចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ ដោយក្នុងនោះមានសត្វជាច្រើនប្រភេទដូចជា សត្វស្វា, កណ្តុរ, ជ្រូក និងចៀម និងសត្វបក្សីមួយចំនួនទៀត។

តាមរបាយការណ៍ក្រុមហ៊ុននេះបានសម្លាប់សត្វប្រហែល ១,៥០០ក្បាល ក្នុងរយៈពេល ប្រហែល ៤ឆ្នាំ ប៉ុន្តែពេលនោះក៏មានសត្វមួយចំនួនដែលទទួលបានជោគជ័យផងដែរ រហូតមកដល់ឆ្នាំ២០២២ ទើប Elon Musk សម្រេចដាក់ពិសោធន៍ទៅលើខួរក្បាលមនុស្សផ្ទាល់ ប៉ុន្តែត្រូវសុំសិទ្ធពី FDA ជាមុនសិន។ ដូច្នេះក្រោយរង់ចាំអស់រយៈពេល ៦ខែ ពេលនេះ Neuralink ទទួលបានការអនុញ្ញាតពី រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដើម្បីយកមនុស្សមកធ្វើពិសោធន៍ផ្ទាល់ហើយ។

តាមការបញ្ជាក់ពីក្រុមហ៊ុន Neuralink នៅលើ Twitter ថាការជ្រើសរើសអ្នកជម្ងឺយកមកពិសោធន៍ជាលើកដំបូងនៅមិនទាន់ដំណើរការនៅឡើយនោះទេ ខណៈក្រុមហ៊ុននឹងប្រកាសព័ត៌មានជាក្រោយ៕