(សៀមរាប)៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ២០០៨មក ដោយមានថែរក្សា និងអភិរក្សវត្ថុបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានាយកមករក្សាទុកនៅទីនេះ។
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រៅបានបើកឱ្យសាធារណៈបានចូលទស្សនាហើយ ក៏អនុញ្ញាតឱ្យអ្នកសិក្សាស្រាវជ្រាវនានាចូលមកសិក្សាស្វែងយល់ផងដែរ។ ជាក់ស្តែងថ្មីៗនេះ ព្រះសង្ឈ លោកគ្រូអ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជាប្រមាណ១៧០អង្គ/នាក់ បានចូលមកទស្សនកិច្ចសិក្សាការតាំងបង្ហាញសមុច្ច័យនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោមការជួយសម្របសម្រួលពីសំណាក់អាជ្ញាធរជាតិអប្សរា។
នាឱកាសនោះ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា បានបង្ហាញការគាំទ្រនៅពេលបានឃើញការដាក់តាំងបង្ហាញវត្ថុបុរាណ និងវត្ថុសិល្បៈទាំងអស់ ជាពិសេសការថែរក្សាវត្ថុទាំងនោះបានយ៉ាងល្អប្រសើរនៅក្នុងសារមន្ទីរ ហើយអាចឱ្យប្រជាពលរដ្ឋ យុវជន ឬភ្ញៀវទេសចរចូលមកទស្សនា និងសិក្សាស្វែងយល់។
សូមជម្រាបថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរបានបើកឱ្យភ្ញៀវទេសចរជាតិ/អន្តរជាតិចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖ ០៦៣ ៧៦៣ ៥៧៥។
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានតាំងបង្ហាញវត្ថុសិល្បៈបុរាណជាច្រើនរាប់រយប្រភេទផ្សេងៗគ្នា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណៈជនជាដើម។ ក្នុងនោះចាប់ពីថ្ងៃទី១៨-២៨ ខែឧសភា ឆ្នាំ២០២៣ សារមន្ទីរបានរៀបចំតាំងពិព័រណ៍មិនអចិន្ត្រៃយ៍មួយដោយតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និងទើបរកឃើញពីកំណាយស្រាវជ្រាវនៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍ ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណតំបន់ភ្នំគូលែនផង៕