(តាកែវ)៖ អគារសិក្សាថ្មីទី២ នៃសាលារៀនអន្តរទ្វីបអាមេរិកាំង នៅសាខាតាកែវ នឹងផុសឡើង១ទៀត នៅលើទឹកដីខេត្តតាកែវ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន (MJQE) សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន។

ពិធីសម្ពោធនេះប្រារព្ធឡើងនៅអគារសិក្សា នៃសាលារៀនអន្តរទ្វីបអាមេរិកាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិផ្សារតាកោ សង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ ដែលនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នាយក/នាយិកាចាងហ្វាង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀនអន្តរទ្វីបអាមេរិកាំង បានអះអាងថា អគារសិក្សាថ្មីទី២ ដែលសាងសង់ឡើងលើទឹកដី នៃខេត្តតាកែវនេះ គឺជាអគារសិក្សាមួយក្នុងតំបន់ ដែលទទួលបានការអប់រំមួយ ប្រកបដោយគុណភាពអប់រំល្អបំផុត ជាមួយបរិស្ថានល្អ បរិក្ខារអប់រំទំនើបៗ និងបច្ចេកវិទ្យាទំនើប ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្សានុសិស្ស នូវចំណេះដឹងពិតប្រាកដ មានវិន័យ សីលធម៌ និងជាពលរដ្ឋល្អនៅពេលអនាគត។

លោកស្រីបានអះអាងថា «អគារសិក្សាថ្មីទី២នេះ ត្រូវបានបំពាក់នូវបរិក្ខារទំនើបៗ តាមស្តង់ដាសាលាចំណេះទូទៅ ដែលនឹងជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាចសិក្សា និងធ្វើការក្នុងសម័យទំនើបជឿនលឿនដែលអភិវឌ្ឍន៍ និងបណ្តុះគំនិតបានយ៉ាងទូលំទូលាយ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំវិញពិភពលោក»។

លោកស្រី រស់យ៉ាណា បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ សាលារៀនអន្តរទ្វីបអាមេរិកាំង នឹងបើកពង្រីកសាខានៅលើខណ្ឌសែនសុខ និងច្បារអំពៅ ហើយនឹងឆ្ពោះទៅតាមបណ្ដាខេត្តជាច្រើនទៀត មានសាខាខេត្តកំពង់ចាម, បន្ទាយមានជ័យ, រតនគិរី, ស្ទឹងត្រែង, ទួលសង្កែ និងសាខាចំការដូង ក៏នឹងគ្រោងសម្ពោធដាក់ឱ្យដំណើរការ ក្នុងពេលខាងមុខជាបន្តបន្ទាប់។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលភាសាអេអាយអាយ និងសាលារៀនអន្តរទ្វីបអាមេរិកាំង ត្រូវបានបង្កើតឡើងដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅក្នុងឆ្នាំ២០០៥ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសក្ដានុពល ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា៕