(បរទេស)៖ ថ្មីៗនេះទទួលដំណឹងថា ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford និង Tesla បានចុះកិច្ចព្រមព្រៀងរួមគ្នាលើ Tesla Superchargers ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២ មក។ ក្រោយចុះកិច្ចព្រមព្រៀង Superchargers រួមគ្នាភាគហ៊ុន Ford កើនឡើងខ្ពស់ជាងធម្មតារហូតដល់ ៧ភាគរយឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ចាប់ផ្តើមបង្កើត និងដាក់ពង្រាយឆ្នាំងសាករថយន្ត ល្បឿនលឿនផ្ទាល់ខ្លួនដែលមានឈ្មោះថា Supercharger ចាប់តាំងពីឆ្នាំ២០១២មកម្លេះ ដែលមានសមត្ថភាពបន្ថែមចម្ងាយរហូតដល់ ៣២២ម៉ាយ ឬ ៥១៨គីឡូម៉ែត្រ ក្នុងរយៈពេលសាកត្រឹមតែ ១៥នាទីប៉ុណ្ណោះ។ គិតចាប់ពីពេលចាប់ផ្តើមរហូតមកទល់បច្ចុប្បន្ននេះ Tesla មាន Superchargers សរុបប្រហែល ១៧,៧១១ ឧបករណ៍សាក ដែលស្មើនឹង ៦០ភាគរយនៃឆ្នាំសាកល្បឿនលឿនរបស់អាមេរិក ខណៈដែលរយៈពេលចាប់ផ្តើមដូចគ្នាក្រុមហ៊ុន Ford មានប្រហែល ១០,០០០ ឧបករណ៍សាកប៉ុណ្ណោះ។

ប្រភពពី CNA ដដែលគិតត្រឹមថ្ងៃចុះកិច្ចព្រមព្រៀងរួមគ្នារវាង Ford និង Tesla នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ភាគហ៊ុន Ford កើនឡើងដល់ ៧ភាគរយ និងមានតម្លៃ ១២.២០ដុល្លារក្នុងមួយហ៊ុន ខណៈភាគហ៊ុន Tesla វិញកើនឡើងដល់ ៥.៤ភាគរយ និងមានតម្លៃរហូតដល់ ១៩៤.៦៨ដុល្លារក្នុងមួយហ៊ុន។

គួរជម្រាបដែរថា កិច្ចព្រមព្រៀងរួមគ្នាលើ Tesla Superchargers នេះនឹងចាប់ផ្តើមដំណើរការសាកចាប់ពីឆ្នាំ២០២៤ ខាងមុខនេះនៅអាមេរិកខាងជើង និងអនុញ្ញាតឱ្យម្ចាស់រថយន្តអគ្គិសនី Ford អាចប្រើបានច្រើនជាង ១២,០០០គ្រឿង៕