(បរទេស)៖ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជិត៥ឆ្នាំ ពេលនេះភាពយន្ត «Transformers» បានវិលត្រឡប់ជាមួយវគ្គថ្មី ដែលមានផ្លាស់ប្ដូរតួអង្គថ្មីៗជាច្រើន។ សែស្រឡាយភាពយន្តមនុស្សយន្ត «Transformers» ចាប់ផ្តើមសម្ពោធចាក់បញ្ចាំងជាផ្លូវការ នៅប្រទេសសិង្ហបុរី ដែលប្រមូលមផ្តុំដោយតួអង្គថ្មី មនុស្សយន្តថ្មី និងមានអ្នកដឹកនាំរឿងថ្មី បានបង្ហាញវត្តមានលើកម្រាលព្រំក្រហម នៃកម្មវិធីចាក់បញ្ចាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍នេះ ត្រូវបានគេដឹងថា ជាការបញ្ចាំងភាពយន្តជាសាកលលើកដំបូងក្នុងប្រទេសសិង្ហបុរី ក្នុងរយៈពេលបីឆ្នាំមកនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយ CNA ប្រធានប្រតិបត្តិរបស់ Marina Bay Sand បាននិយាយថា ការចាក់បញ្ចាំងលើកដំបូងបង្ហាញពីពិភពលោកនូវ «អ្វីដែលសិង្ហបុរីមានសមត្ថភាព» និង «អនុញ្ញាតឱ្យ (Marina Bay Sands) ចូលរួមជាមួយផ្សព្វផ្សាយ...»

តួអង្គឯកដែលធ្លាប់លេចមុខក្នុងស៊េរីភាពយន្តមនុស្សយន្តនេះនាពេលកន្លងមក ដូចជាតារាសម្ដែង Shia LaBeouf (ហ្សៀរ ឡាបឺហ្វ) និងតារាសម្ដែង Hailee Steinfeld (ហេលី ស្ទៀនហ្វៀល) ត្រូវបានជំនួសដោយតារាសម្ដែង Anthony Ramos (អានថូនី រ៉ាម៉ូស) និងតារាសម្ដែង Dominique Fishback (ដូមីនីក ហ្វីសប៊េក)។ ភាពយន្តថ្មីនេះ ក៏មានការចូលរួមបញ្ចូលសំឡេងពីតារាល្បីៗមួយចំនួន រួមមានតារាស្រី Michelle Yeoh (មីឈែល យ៉ូ), តារាសម្ដែង Pete Davidson (ភីត ដេវីនស៊ុន), តារាសម្ដែង Ron Perlman (រ៉ុន ផើលម៉េន) និងតារាសម្ដែង Peter Dinklage (ភីតធើ ឌីងឡេក) ជាដើម។

គួរជម្រាបថា ភាពយន្ត «Transformers: Rise of the Beasts» នឹងចាក់បញ្ចាំងតាមរោងភាពយន្តចាប់ពីថ្ងៃទី៩ ខែមិថុនា ខាងមុខនេះ ដោយភាពយន្តវគ្គថ្មីមួយទៀតគ្រោងចាក់បញ្ចាំងខែកក្កដា ឆ្នាំ២០២៤៕