(បរទេស)៖ ហ្គេម PLAYERUNKNOWN'S BATTLEGROUNDS ឬ Battlegrounds Mobile India (BGMI) ដែលត្រូវបានគេស្គាល់ថាជាហ្គេមដ៏ពេញនិយម PUBG ពេលនេះអនុញ្ញតឱ្យអ្នកប្រើប្រាស់ឥណ្ឌាអាចលេងបានវិញហើយ បន្ទាប់ពីបានបិទដោយសារមានបញ្ហាជាច្រើនជាមួយនឹងរដ្ឋាភិបាលឥណ្ឌា។ ពោលគឺចាប់ពីថ្ងៃទី២៩ ខែឧសភា នេះនឹងមាននៅ Play Store និង App Store។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

កម្មវិធីហ្គេម Battlegrounds Mobile India (BGMI) អាចលេងបានតែក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះដែលដំបូងឡើយគឺជាកំណែរបស់ PUBG ដែលត្រូវបានប្តូរឈ្មោះក្រោយពីមានបញ្ហាជាមួយនឹងរដ្ឋាភិបាលឥណ្ឌាកាលពីឆ្នាំមុនដែលឈានដល់ការដកហូតលែងឱ្យប្រើប្រាស់ទាំង App Store និង Play Store។

បន្ទាប់ពីមានការចរចារវាងក្រុមហ៊ុន Krafton ដែលជាក្រុមហ៊ុនមេរបស់ PUBG ជាមួយនឹងរដ្ឋាភិបាលឥណ្ឌាឥលូវនេះចាប់ផ្តើមអនុញ្ញាតឱ្យត្រឡប់មកវិញជាផ្លូវការហើយ។ ហ្គេមនេះមាននៅលើទាំង App Store និង Play Store ម្តងទៀត ហើយវាមានទំហំផ្ទុកដល់ទៅ 800MB (៨០០មេហ្គាបៃ) ឯណោះ។

យោងតាមការចុះបញ្ជីនៅលើ Play Store ហ្គេម BGMI នឹងត្រូវបានផ្លាស់ប្តូរខ្លឹមសារថ្មីផងដែរ ជាពិសេសឧបករណ៍នៅក្នុងកម្មវិធីហ្គេមនេះ ដូចជាផែនទី យាន្តជំនិះ និងរង្វាន់សម្លៀកបំពាក់ឥតគិតថ្លៃក្នុងហ្គេមផ្សេងៗត្រូវបានផ្លាស់ប្តូរ។ ជុំវិញមូលហេតុនេះមិនត្រូវបានបញ្ជាក់នោះទេ តែត្រូវបានគេលើកឡើងថា ទាំងនេះក៏ដោយសារតែគេចង់កាត់បន្ថយរូបភាពហឹង្សាមួយចំនួននៅក្នុងនោះ ដើម្បីអនុលោមតាមតម្រូវការរបស់រដ្ឋាភិបាលឥណ្ឌា៕