(ឡុងដ៍)៖ ក្លិប Chelsea បានបញ្ជាក់ថា បានតែងតាំងលោក Mauricio Pochettino ជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួននៅថ្ងៃចន្ទ បន្ទាប់ពីអតីតអ្នកចាត់ការក្លិប Tottenham Hotspur និងក្លិប Paris St Germain, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

បុរសវ័យ ៥១ឆ្នាំសញ្ជាតិអាហ្សង់ទីន លោក Pochettino នឹងស្នងតំណែងពីអ្នកចាត់ការបណ្តោះអាសន្នលោក Frank Lampard ចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ឆ្នាំ ជាមួយនឹងជម្រើសបន្ថែម ១ឆ្នាំ។

ស្ថិតក្នុងការដឹកនាំគ្រូបណ្តោះអាសន្នលោក Frank Lampard បាននាំក្រុមលំដាប់កំពូលតោខៀវ Chelsea មកបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១២ ក្នុងលីគកំពូលអង់គ្លេស Premier League នារដូវកាលនេះ ដែលជាការបញ្ចប់ក្នុងកម្រិតទាបបំផុតមួយគិតក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ។

ក្លិប Chelsea បានលើកឡើងថា «ចំពោះលោក Mauricio Pochettino ជាគ្រូបង្វឹកកម្រិតលំដាប់ពិភពលោកមួយ និងមានកំណត់ត្រាដ៏អស្ចារ្យ, យើងទាំងអស់គ្នាកំពុងទន្ទឹងរង់ចាំគាត់សម្រាប់ការឆ្ពោះទៅមុន និងជាអ្នកគ្រប់គ្រងដំបូងត្រូវបានជ្រើសមកពិភាក្សា»

រំលឹកផងថា ប្រវត្តិរបស់អ្នកចាត់ការថ្មីរបស់ក្លិប Chelsea សម្រាប់លោក Mauricio Pochettino ធ្លាប់ដឹកនាំក្រុម Tottenham Hotspur ឈានដល់ចំណាត់ថ្នាក់លេខ២ ពានរង្វាន់ Football League Cup 2014-15 និងពាន UEFA Champions League 2018-19 ហើយនាំក្រុម Paris Saint Germain លើកពាន Ligue 1, Coupa de France, Trophee des Champions៕