(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ បានរៀបចំពិធី ចែកសញ្ញាបត្រ ជូនដល់និស្សិត ដែលបានប្រលងបញ្ចប់ការសិក្សា លើថ្នាក់បរិញ្ញាបត្រ BA+CAT កម្មវិធីសិក្សា ACCA និងកម្មវិធីសិក្សា CAT សម្រាប់ឆ្នាំ២០២២ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

កម្មវិធីចែកសញ្ញាបត្រនេះ ត្រូវបានធ្វើឡើងជា ពីរវេន ដែលពេលព្រឹក មានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ពេលរសៀល មានការអញ្ជើញ ចូលរួមក្រោមអធិបតីភាព លោកបណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការ គ្រប់គ្រងកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជា និងជាប្រធាន គណៈកម្មការ ចុះឈ្មោះ និងជាសមាជិកភាពវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា និងមានការចូលរួមពីសំណាក់ ក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថានខេមអេដ លោកនាយកវិទ្យាស្ថានខេមអេដ អ្នកតំណាងស្ថាប័ន ACCA ប្រចាំនៅកម្ពុជា សាស្រ្តាចារ្យ និយោជក បុគ្គលិកវិទ្យាស្ថាន និស្សិត និងអាណាព្យបាលផងដែរ។

និស្សិតបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី០៨ លើមុខជំនាញគណនេយ្យ និងហិរញ្ញវត្ថុ មានចំនួន ៥២០នាក់ (ស្រីចំនួន៣៥០នាក់) កម្មវិធីACCAមានចំនួន ១៣នាក់ និង កម្មវិធីCAT មានចំនួន១១នាក់។

ក្នុងឱកាសដ៏មហោឡារិកនេះ ដើម្បីចូលរួមអបអរសាទរដល់និស្សិតបញ្ចប់ការសិក្សា លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា បណ្ឌិតសភាចារ្យ មានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួម ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី លើថ្នាក់បរិញ្ញាបត្រ កម្មវិធី ACCA និងកម្មវិធី CAT នៃវិទ្យាស្ថានខេមអេដ។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាម លោកបណ្ឌិតសភាចារ្យផ្ទាល់ លោកសូមកោតសរសើរដ៏ស្មោះ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យទាំងអស់នៃវិទ្យាស្ថានខេមអេដ ដែលសម្រេចបាននូវលទ្ធផលគួរ ជាទីមោទនៈ ក្នុងការបណ្តុះបណ្តាល និស្សិតប្រកបដោយចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ មានសេចក្តីថ្លៃថ្នូរ និងចេះរួមរស់ ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ សមិទ្ធផលជាទីមោទនៈក្នុងថ្ងៃនេះ ពិតជាបានមកពីការចូលរួម និងកិច្ចសហការយ៉ាងសកម្មរបស់វិទ្យាស្ថានខេមអេដ ក្នុងការងារគ្រប់គ្រង, ការបង្រៀន, ការសិក្សាស្រាវជ្រាវ, ការខិតខំប្រឹងប្រែងរៀនសូត្ររបស់និស្សិត រួមនឹងកិច្ចគាំទ្រ ពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលរបស់និស្សិត ព្រមទាំង សកម្មភាពពាក់ព័ន្ធ ដទៃទៀត។

លោកបណ្ឌិតសភាចារ្យ ក៏បានលើកឡើងថា លទ្ធផលដែលវិទ្យាស្ថានសម្រេចបានកន្លងមក គឺជាការរួម ចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់វិស័យអប់រំ លើផ្នែកឧត្តមសិក្សា និងជំរុញការអភិវឌ្ឍ មូលធនមនុស្សប្រកបដោយ គុណភាព ក្នុងគោលដៅកសាងសង្គមកម្ពុជាមួយ ប្រកបដោយចំណេះដឹងខ្ពស់ និងភាព ប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសេដ្ឋកិច្ច សកលលោក។

លើសពីនេះទៅទៀត លោកបណ្ឌិតសភាចារ្យ ក៏បានក្រើនរំលឹកដល់និស្សិតជ័យលាភីទាំងអស់ ឲ្យចេះខិតខំ ជំនះ រាល់ឧបសគ្គដើម្បីកសាងខ្លួន ឲ្យស័ក្តិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវ ក្នុង ការងារ សីលធម៌ល្អ និងដាក់ខ្លួនបម្រើប្រជាជនដោយស្មោះស ដើម្បីបុព្វហេតុជាតិ មាតុភូមិ ដ៏ថ្លៃថ្លារបស់យើង។

លោកបណ្ឌិតសភាចារ្យ ក៏បានផ្ដាំផ្ញើដល់ក្មួយៗនិស្សិតជ័យលាភីថា ការទទួលបាន សញ្ញាបត្ររបស់ក្មួយៗនាពេលនេះ គឺមិនទាន់ គ្រប់គ្រាន់ទេ ក្មួយៗត្រូវបន្តការសិក្សាស្រាវជ្រាវ និងបន្តការសិក្សាពង្រីកចំណេះដឹង របស់ខ្លួន ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបង្កើនកម្រិតគុណវុឌ្ឍិតាមជំនាញរបស់ខ្លួន សំដៅតាមឱ្យទាន់ការរីកចម្រើននៃសង្គម និងវិទ្យាសាស្រ្ត ព្រមទាំង អាចបំពេញការងាររបស់ខ្លួនកាន់តែ មានប្រសិទ្ធភាព។

លោកបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរ និងសូមឲ្យវិទ្យាស្ថានខេមអេដ នៅតែបន្តលើក ស្ទួយវិស័យអប់រំ ឲ្យកាន់តែល្អប្រសើរឡើង ដើម្បីរួមចំណែក ជាមួយ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនបញ្ញាដល់ យុវជនជំនាន់ក្រោយ ដែលជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

លោកបណ្ឌិត ងី តាយី បានថ្លែងថា លោកពិតជាមាន សេចក្តីរំភើបជាមួយប្អូនៗ ដែលទទួលបានជ័យលាភីក្នុងការសិក្សា រួមមានថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យនិង ហិរញ្ញវត្ថុ កម្មវិធីACCA និង កម្មវិធីCAT ។ ភាពជោគជ័យរបស់ប្អូនៗ ក្មួយៗ គឺជាជោគជ័យ របស់គ្រួសារ របស់វីជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងរបស់សង្គមជាតិទាំងមូល។ លោកបានសង្កត់ធ្ងន់ថាវិទ្យាស្ថានខេមអេដ ពិតជាបានដើរតួយ៉ាងសំខាន់ ក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើត ធនធានមនុស្សដែលប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបម្រើក្នុងវិស័យ៣ ក្នុងសេដ្ឋកិច្ចរបស់កម្ពុជា។

ទី១៖ ភាគច្រើនសវនករដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុនសវនកម្មឯករាជ្យបានបញ្ចប់ការសិក្សានៅ វិទ្យាស្ថានខេមអេដ មានដូចជាក្រុមហ៊ុន PWC, KPMG, EY និង Deloitte ជាដើម។
ទី២៖ នាយកប្រតិបត្តិក្នុងវិស័យធនាគារមួយចំនួនធំ ក៏សុទ្ធតែបានបញ្ចប់ការសិក្សាពី វិទ្យាស្ថានខេមអេដ ផងដែរ ដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ ប្រធាននាយកប្រតិបត្តិ អ្នកគ្រប់គ្រងហិរញ្ញវត្ថុនៃធនាគារ ជាដើម។
ទី៣៖ វិទ្យាស្ថានខេមអេដបច្ចុប្បន្នគឺជាប្រភពសំខាន់មួយនៃមន្រ្តីរាជការលើកិច្ចការបច្ចេកទេស ដូចជា អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ថែមពីនេះទៅទៀត លោកក៏បានលើកឡើងថា ភាពជោគជ័យដែលវិទ្យាស្ថានទទួលបាន ក៏អាស្រ័យ ទៅនឹងការចូលរួមពីសំណាក់វិស័យឯកជននិងរដ្ឋ ក៏ដូចជាវិទ្យាស្ថានខ្លួនឯងផ្ទាល់ផងដែរ រួមមានសាស្រ្តាចារ្យដែល ប្រកបដោយគុណវឌ្ឍន៍ គណៈគ្រប់គ្រងសាលា និងបុគ្គលិកផ្សេងៗទៀត ដើម្បីបណ្ដុះបណ្ដាលអាជីពនេះ ឲ្យកាន់តែ បានលទ្ធផលល្អនិងប្រសើរជាងមុន។

ជាមួយគ្នានេះដែរ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានចូលរួមអបអរសាទរដល់និស្សិត ជ័យលាភីទាំងអស់ និងមានប្រសាសន៍ថា ភាពជោគជ័យរបស់និស្សិតជ័យលាភីក្នុងថ្ងៃនេះ គឺពិតជាបានមកពីការខិតខំ ប្រឹងប្រែងនិងលះបង់ជាច្រើន ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កាក្នុងថ្ងៃនេះ។

លោក ខេស៊ី បាណេត ក៏បានបន្តទៀតថា និស្សិតដែលបានបញ្ចប់ការសិក្សា គឺជាធនធាន យ៉ាងសំខាន់ របស់គ្រួសារសង្គម និង ពិភពលោក។ នៅថ្ងៃអនាគតខាងមុខនេះ ប្អូនៗ នឹងអាចក្លាយទៅជាអ្នកដឹកនាំ ក្នុង ស្ថាប័នជាតិ ឬ អន្តរជាតិណាមួយ ដែលអាចនឹងបង្កើត នូវគំនិតថ្មីៗ ឬភាពច្នៃប្រឌិតថ្មីៗ។ លោកនាយក ក៏មានជំនឿយ៉ាងមុតមាំ ថា និស្សិតជ័យលាភីទាំងក្នុងថ្ងៃនេះ នឹងប្រើប្រាស់សមត្ថភាព ចំណេះដឹង និងជំនាញរបស់ខ្លួន ដើម្បីជាប្រយោជន៍ ដែលនាំទៅរកមោទនភាពរបស់ខ្លួនផង របស់គ្រួសារផង និង របស់សង្គមជាតិ ក៏ដូចជាសកលលោកផង។

ជាមួយគ្នានេះផងដែរ លោកនាយក ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរបស់វិទ្យាស្ថានជាមួយនឹង ស្ថាប័នពាក់ព័ន្ធដូចជាក្រសួងអប់រំ យុវជននិងកីឡា ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដៃគូផ្សេងៗទៀត ក្នុងការពង្រឹងគុណភាពអប់រំអោយស្របទៅនឹងមាត្រដ្ឋានជាតិ និងអន្តរជាតិ។ លោកនាយក បានបន្តទៀតថា ប្រព័ន្ធគណនេយ្យ និងហិរញ្ញវត្ថុគឺជា ផ្នែកដ៍សំខាន់ មួយនៃហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច។ គណនេយ្យ និងសវនកម្ម បានជួយយើងក្នុងការរៀបចំ និងគ្រប់គ្រងអាជីវកម្ម ក៏ដូចជាបែងចែកដើមទុនប្រកប ដោយប្រសិទ្ធភាព ហើយទាមទារនូវជំនាញបច្ចេកទេស ពិតប្រាកដ។

ជាក់ស្ដែង ក្នុងនាមជានិស្សិត បញ្ចប់ការសិក្សាពីវិទ្យាស្ថានខេមអេដ និស្សិតពិតជាទទួលបាន ការអភិវឌ្ឍនូវជំនាញពិត ហើយទទួលបានគុណវុឌ្ឍិ ដែលត្រូវបាន ទទួលស្គាល់ ជាលក្ខណៈជាតិ និងអន្តរជាតិ។
ជាចុងក្រោយ លោកនាយក ក៏បានផ្តាំផ្ញើទៅនិស្សិតបញ្ចប់ការសិក្សា ទាំងអស់ឲ្យបន្តការសិក្សា ដើម្បីវិនិយោគ លើខ្លួនឯង ក៏ដូចជាត្រូវយល់ដឹងបន្ថែម លើក្រមសីលធម៌ ក្នុងនាមជាគណនេយ្យករជំនាញ ដោយត្រូវមាន ភាពស្មោះត្រង់ រក្សាការសម្ងាត់ និងមាន គោលដៅច្បាស់លាស់៕