(ក្រុងឡុងដ៍)៖ អ្នកជំនួញជាជនជាតិថៃ លោក Aiyawatt Srivaddhanaprabha នឹងខិតខំប្រឹងប្រែងក្នុងការនាំយកក្លិបកញ្ជ្រោងខៀវ Leicester City ត្រឡប់មកលេងនៅលីគកំពូលអង់គ្លេស Premier League វិញនៅថ្ងៃណាមួយមិនខាន។

Leicester City ដែលជាអតីតជើងឯក Premier League កាលឆ្នាំ២០១៦ នោះ ត្រូវបានប្រកាសធ្លាក់ទៅលេងនៅក្របខណ្ឌទី២ អង់គ្លេស Championship វិញចាប់ពីរដូវកាលឆ្នាំ២០២៣-២០២៤ បើទោះបីជាឈ្នះ ២ទល់នឹង១ នៅក្នុងផ្ទះរបស់ញញួរធំ West Ham United កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន នៅថ្ងៃបិទបញ្ចប់រដូវកាលក៏ដោយ។

លោក Srivaddhanaprabha ក៏បានថ្លែងប្រាប់ BBC ក្រោយចប់ការប្រកួតនោះផងថា «នៅថ្ងៃនេះ ពួកយើងសូមចែករំលែកនូវការបរាជ័យ ជាមួយនឹងភាពឈឺចាប់នៃការជ្រុះចេញពីលីគកំពូល ក៏ប៉ុន្តែពួកយើងនឹងត្រឡប់មកវិញ។ ការកាត់ចេញពី Premier League នេះ មិនអាចកំណត់ថា ពួកយើងបានបាត់បង់អ្វីគ្រប់យ៉ាងនោះទេ វាអាចធ្វើឲ្យយើងរឹតតែរឹងមាំខ្លាំងឡើង»

មហាសេដ្ឋីថៃវ័យក្មេងដដែលបានទម្លាយផងដែរថា រូបលោកបានទទួលសារជាច្រើនដែលជំរុញឲ្យលោកលក់ក្លិប Leicester នេះចេញ ក្រោយពេលក្រុមគ្រួសាររបស់លោកបានទិញក្លិបបាល់ទាត់អាជីពនេះតាំងពីឆ្នាំ២០១០ មក ហើយរូបលោកបានចូលដឹកនាំក្លិបនេះផ្ទាល់តែម្តង បន្ទាប់ពីមរណភាពរបស់ឳពុកលោកក្នុងឆ្នាំ២០១៨ គឺលោក Vichai។

នៅអំឡុងពេលលោក Vichai ដឹកនាំ Leicester City បានឈ្នះពាន Premier League និង FA Cup ក្នុងឆ្នាំ២០១៦ ដែលជារដូវកាលដំបូង ក្នុងនាមជាក្រុមឡើងមកលេងនៅលីគកំពូលអង់គ្លេស ក្រោយពេលជួបហេតុការណ៍ខកចិត្តក្នុងរយៈពេល ៧រដូវកាលបន្ទាប់៕