(ភ្នំពេញ)៖ ធនាគារ ស្ថាបនា និងក្រុមហ៊ុន ម៉ាស្ទ័រកាត ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយនៅក្នុងវិស័យឧស្សាហកម្មទូទាត់ប្រាក់តាមឌីជីថល បានប្រកាសពីការសហការគ្នាជាដៃគូ និងបើកដំណើរការមុខងារ Tap on Phone នៅក្នុងប្រទេសកម្ពុជា។ មុខងារ Tap on Phone គឺជាមុខងារទូទាត់តាមរយៈទូរសព្ទចល័ត ងាយស្រួល សាមញ្ញ និងមានសុវត្ថិភាព ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មអាចទទួលការទូទាត់ថ្លៃផលិតផល ឬសេវាកម្មពីអតិថិជនដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃ។ ភាពជាដៃគូនេះផងដែរ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយរវាងធនាគារ ស្ថាបនា និងក្រុមហ៊ុន ម៉ាស្ទ័រកាត ដើម្បីនាំមកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ងាយស្រួល និងមានប្រសិទ្ធភាព និងការជួយជំរុញដល់ការទូទាត់សាច់ប្រាក់តាមអេឡិចត្រូនិកនៅកម្ពុជា ជាពិសេសអាជីវកម្មខ្នាតមីក្រូ តូច និងអាជីវកម្មដែលត្រូវចល័តទីតាំងជាដើម។

មុខងារ Tap on Phone ត្រូវបានដាក់ឱ្យដំណើរការដោយប្រព័ន្ធទូទាត់មួយឈ្មោះថា Mastercard Payments Gateway Services ឬហៅកាត់ថា MPGS។ មុខងារ Tap on Phone នេះផងដែរ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យអាជីវកម្មគ្រប់ទំហំទាំងអស់ អាចធ្វើឱ្យទូរសព្ទដៃប្រភេទ Android ដែលមានប្រព័ន្ធ NFC ប្រែក្លាយទៅជាឧបករណ៍ទទួលការទូទាត់ថ្លៃទំនិញផ្សេងៗយ៉ាងមានសុវត្ថិភាព ពីអតិថិជនដែលប្រើប្រាស់កាតធនាគារ កម្មវិធីទូទាត់នៅលើទូរសព្ទដៃ (Mobile wallet) និងនាឡិកាឆ្លាតវៃ (Smartwatch) ដោយមិនចាំបាច់មានឧបករណ៍ជំនួយបន្ថែម ឬការចំណាយទៅលើការដំឡើងកម្មវិធីនោះទេ។ បណ្ដាអាជីវកម្មផ្សេងៗ ជាពិសេសអាជីវកម្មខ្នាតតូច និងអ្នកដែលផ្ដល់សេវាកម្មចល័តដូចជាការដឹកជញ្ជូនម្ហូបអាហារ និងអ្នកលក់នៅតាមដងផ្លូវជាដើម អាចទាញយកកម្មវិធីនៅក្នុងទូរសព្ទដៃបានដោយងាយ បន្ទាប់មក បើកដំណើរការមុខងារ Tap on Phone ហើយអាចចាប់ផ្តើមប្រើប្រាស់បានភ្លាមៗ និងអាចផ្ដល់បទពិសោធន៍ដល់អតិថិជននូវការទូទាត់ថ្លៃទំនិញដែលមានភាពបត់បែន គ្មានភាពរអាក់រអួល ងាយស្រួល និងសុវត្ថិភាពខ្ពស់។

នៅកម្ពុជា អំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ អាជីវកម្មភាគច្រើន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម បានផ្លាស់ប្ដូរទៅរកការទូទាត់តាមរយៈប្រព័ន្ធឌីជីថល។ ជាក់ស្ដែង មកដល់បច្ចុប្បន្ននេះ ការទូទាត់តាមរយៈកាត និងប្រព័ន្ធឌីជីថលកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេស ដោយប្រជាជនកម្ពុជាចំនួន ៧០% មានលទ្ធភាពប្រើប្រាស់គណនីធនាគារ និងកាបូបអេឡិចត្រូនិក (E-wallet) នៅលើទូរសព្ទដៃរបស់ពួកគេ។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ក្នុងឆ្នាំ២០២១ ចំនួនទឹកប្រាក់នៃប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកមានរហូតដល់ទៅ ៤១៥,៥ ទ្រីលានរៀល ស្មើនឹង ១០២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ តួលេខនេះបានកើនឡើងចំនួន ៣៤,៥% បើធៀបទៅនឹងឆ្នាំ២០២០ កន្លងទៅ។ ចំនួនប្រជាជន ដែលយល់ដឹងអំពីបច្ចេកវិទ្យាកាន់តែច្រើន បូករួមទាំងចំនួនអ្នកប្រើប្រាស់ទូរសព្ទដៃកំពុងកើនឡើងខ្លាំងទៀតនោះ បានធ្វើឱ្យតម្រូវការទូទាត់ដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់អាជីវកម្មខ្នាតតូចក៏បានកើនឡើងដូចគ្នា ពោលគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនរបស់ពួកគេដូចគ្នា។

គួរដឹងដែរថា វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជាទាំងមូល។ វិស័យនេះមានទំហំស្មើនឹង ៩៩,៨% នៃចំនួនសហគ្រាសសរុបនៅក្នុងប្រទេសកម្ពុជា ដែលស្មើនឹង ៥៨% នៃផលិតផលក្នុងស្រុកសរុបទៀតផង។ ដូច្នេះហើយ ការពង្រីកលទ្ធភាពចូលទីផ្សារបន្ថែម និងការទទួលបានធនធានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសការដែលអាចអនុញ្ញាតឱ្យពួកគេចូលរួមក្នុងប្រព័ន្ធទូទាត់ប្រាក់តាមឌីជីថល ដូចជាការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក គឺជាគន្លឹះក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជានៅថ្ងៃអនាគត។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា «យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការប្រកាសជាផ្លូវការពីភាពជាដៃគូជាមួយក្រុមហ៊ុន ម៉ាស្ទ័រកាត ហើយយើងក៏មានមោទកភាពយ៉ាងក្រៃលែង ដែលបានក្លាយជាធនាគារដំបូងគេនៅកម្ពុជាដែលមានផ្តល់សេវាកម្ម Tap on Phone នៅលើកម្មវិធីទូរសព្ទដៃឈ្មោះថា Sathapana TuTort។ កម្មវិធីនេះ គឺជាបច្ចេកវិទ្យាដ៏ទំនើបបំផុតមួយដែលអាចជួយឱ្យពាណិជ្ជករ និងម្ចាស់អាជីវកម្មគ្រប់ប្រភេទ ទទួលយកការទូទាត់ប្រាក់ពីអតិថិជនជាអេឡិចត្រូនិកបានយ៉ាងងាយស្រួល។ កម្មវិធី Sathapana TuTort នេះផងដែរ គឺជាកម្មវិធីដែលផ្ដល់ជូននូវជម្រើសជាច្រើនដល់ពាណិជ្ជករគ្រប់រូបក្នុងការទទួលយកការទូទាត់ប្រាក់ដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃប៉ុណ្ណោះ។ តាមរយៈការដាក់មុខងារ Tap on Phone ទៅក្នុងកម្មវិធី Sathapana TuTort ពាណិជ្ជករនឹងទទួលបានបទពិសោធន៍ទូទាត់ប្រាក់ប្រកបដោយភាពរលូន និងសុវត្ថិភាព ដោយមិនចាំបាច់ត្រូវការឧបករណ៍ជំនួយបន្ថែមណាមួយឡើយ។ ទន្ទឹមនឹងនោះ វានឹងជួយបង្កើនប្រសិទ្ធភាពនៃដំណើរការអាជីវកម្ម និងកាត់បន្ថយការចំណាយទៅលើប្រតិបត្តិការផ្សេងៗផងដែរ»

លោកបានបន្ថែមថា យើងពិតជារីករាយណាស់ ក្នុងការដែលបានចាប់ផ្តើមដាក់ដំណើរការមុខងារ Tap on Phone នៅលើកម្មវិធី Sathapana TuTort ហើយយើងពិតជាចង់ឃើញផលជះជាវិជ្ជមានទៅដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។ យើងក៏សូមអរគុណដល់ក្រុមហ៊ុន ម៉ាស្ទ័រកាត សម្រាប់ការគាំទ្រ ហើយយើងនឹងខិតខំបន្តព្យាយាមផ្តល់នូវដំណោះស្រាយថ្មីៗ ល្អៗដែលមានតម្លៃ កាន់តែច្រើនបន្ថែមទៀតដល់អតិថិជនរបស់យើងនាពេលអនាគត។

លោកស្រី Winnie Wong នាយកគ្រប់គ្រង ក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា «នៅពេលដែលអ តិថិជនប្រើប្រាស់វិធីសាស្ត្រច្រើនក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ម្ចាស់អាជីវកម្ម និងពាណិជ្ជករឯណោះវិញ ក៏កំពុងស្វែងរកដំណោះស្រាយដែលអាចសម្របទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជនដែលតែងតែមានការវិវត្តទៅមុខ និងផ្លាស់ប្ដូរជានិច្ច។ ដូច្នេះ មុខងារ Tap on Phone គឺជាដំណោះស្រាយថ្មីដ៏ល្អបំផុតមួយបន្ថែមទៀតនៅក្នុងចំណោមប្រព័ន្ធទូទាត់សាច់ប្រាក់ទាំងអស់ ព្រោះវាមានភាពសាមញ្ញ រហ័ស ងាយស្រួល និងប្រសិទ្ធភាពសម្រាប់អាជីវករ ក្នុងការទទួលយកការទូទាត់ពីអតិថិជនបានយ៉ាងងាយស្រួល បើទោះបីជាអាជីវកម្មខ្លះត្រូវធ្វើដំណើរផ្លាស់ប្ដូរទីតាំងក៏ដោយ។ បច្ចេកវិទ្យា Tap on Phone នេះនឹងជួយផ្លាស់ប្តូរជាវិជ្ជមានដល់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យមចំនួន ២០០.០០០ កន្លែងដែលជាដៃគូ និងអតិថិជនរបស់ធនាគារស្ថាបនាផ្ទាល់ ក្នុងការទទួលបាននូវការទូទាត់ពីអតិថិជនរបស់ពួកគេយ៉ាងងាយស្រួល និងជំរុញវិស័យទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់ប្រទេសកម្ពុជាជារួម»

លោកស្រី បានបន្ថែមទៀតថា ដោយមិនចាំបាច់ប្រើប្រាស់ឧបករណ៍ជំនួយបន្ថែម ឬឧបករណ៍ដែលមានតម្លៃថ្លៃអ្វីនោះទេ មុខងារ Tap on Phone នេះមិនត្រឹមតែអាចបង្កើនជម្រើសក្នុងការទូទាត់សាច់ប្រាក់កាន់តែច្រើនដល់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូចទាំងអស់ ចូលរួមក្នុងប្រព័ន្ធទូទាត់សាច់ប្រាក់តាមឌីជីថលទៀតផង ជាពិសេសអាជីវកម្មខ្នាតតូច និងអ្នកលក់ដូរចល័តទីតាំងផងដែរ។ លើសពីនេះ ភាពជាដៃគូជាមួយធនាគារ ស្ថាបនានេះ ក៏ជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាសាកលរបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត ក្នុងការនាំមនុស្សសរុបចំនួន ១ ពាន់លាននាក់ និងអាជីវកម្មខ្នាតមីក្រូ និងតូចចំនួន ៥០ លានកន្លែង និងក្រុមហ៊ុន ចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចឌីជីថលឱ្យបាននៅត្រឹមឆ្នាំ២០២៥ ខាងមុខនេះ។

ដើម្បីចុះឈ្មោះប្រើប្រាស់ Tap on Phone ពាណិជ្ជករអាចទាញយក Sathapana TuTort App ឬទាក់ទងធនាគារ ស្ថាបនា ដើម្បីទទួលបានគោលការណ៍ណែនាំ និងជំនួយសម្រាប់ការចាប់ផ្តើមប្រើប្រាស់៕